សហព័ន្ធកីឡាបាល់ទះកម្ពុជា បានកែទម្រង់ ៣ចំណុចនេះ ធ្វើឲ្យជោគជ័យកីឡាស៊ីហ្គេម ២លើកជាប់ៗគ្នា
សហព័ន្ធកីឡាបាល់ទះកម្ពុជា បានរៀបចំសន្និបាតវិសាមញ្ញ អាណត្តិទី៦ របស់ខ្លួនកាលពីថ្ងៃសៅរ៍ ទី២៦ ខែសីហា ឆ្នាំ២០២៣ ដើម្បីជ្រើសតាំងគណៈកម្មការប្រតិបត្តិអាណត្តិថ្មី និងដាក់ផែនការយុទ្ធសាស្ត្រថ្មី ដោយក្នុងនោះ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានបង្ហាញកំណែទម្រង់ដែលបានផ្តល់ឲ្យក្រុមបាល់ទះជម្រើសជាតិកម្ពុជា ទទួលបានជោគជ័យក្នុងការប្រកួតកីឡាស៊ីហ្គេមពីរលើកចុងក្រោយ និងការប្រកួតសំខាន់ផ្សេងៗទៀត។
ពិតណាស់ ឯកឧត្តបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាបានរម្លឹកឲ្យដឹងថា៖ “សហព័ន្ធបានធ្វើកំណែទម្រង់ធំ ៣ ដែលនាំឲ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្ រក្នុងកីឡាស៊ីហ្គេមពីរលើកចុងក្រោយ ទី១ កំណែទម្រង់ធន់ធានមនុស្ស មានដូចជា មន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល គ្រូបង្វឹក និងកីឡាករ ទី២ កំណែទម្រង់ហេដ្ឋារចនាសម្ព័ន្ធ និងទី៣ កំណែទម្រង់លើហិរញ្ញវត្ថុ”។
ប្រធានសហព័ន្ធ បានបន្តទៀតថា៖ “បន្ទាប់ពីរៀបចំកំណែទម្រង់ ក្នុងរយៈពេលត្រីមាសដំបូង ក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានបង្កើតកំណត់ត្រាជាប្រវត្តិសាស្ត្រថ្មី ក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយនេះ ដោយបានឈ្នះមេដាយសំរិទ្ធ ក្នុងកីឡាស៊ីហ្គេម ឆ្នាំ២០២១ (លើកទៅឆ្នាំ២០២២) បន្ទាប់ពីបានយកឈ្នះលើក្រុមបាល់ទះជម្រើសជាតិថៃ នៅប្រទេសវៀតណាម ក្រោយមកសហព័ន្ធបានដាក់ផែនការយុទ្ធសាស្ត្រជាច្រើនទៀត ទាំងការប្រកួតក្នុងស្រុក និងក្រៅស្រុកជាបន្តបន្ទាប់រហូតឈានដល់ការបង្កើតកំណត់ត្រាជាប្រវត្តិសាស្ត្រថ្មីម្តងទៀត គឺឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រ ក្នុងកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងទទួលបានមេដាយប្រាក់ជាលើកដំបូងផងដែរ”។
គួរបញ្ជាក់ថា ក្រុមបាល់ទះកម្ពុជា បានបោះជំហានចូលក្នុងព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី (Asian Games) វិញ បន្ទាប់ពីខកខានតាំងពីឆ្នាំ១៩៧០ ដូច្នេះសម្រាប់គណៈកម្មការប្រតិបត្តិអាណត្តិថ្មី គឺដាក់ផែនការពង្រឹងក្រុមបាល់ទះបុរសកម្ពុជា សម្រាប់ការប្រកួតលើឆាកអន្តរជាតិ ព្រមទាំងពង្រឹងអភិវឌ្ឍបន្ថែមលើក្រុមបាល់ទះនារីកម្ពុជា និងយុវជនថ្នាលគ្រប់កម្រិតបន្ថែមទៀត៕