ការប្រកួតបាល់ទះនារី ជើងឯកអាស៊ី ២០២៣ នឹងចាប់ផ្តើមនៅថ្ងៃស្អែកនេះ ដែលមាន ១៤ក្រុមចូលរួម
ការប្រកួតបាល់ទះនារីជើងឯកអាស៊ី លើកទី២២ ឆ្នាំ២០២៣ (2023 Asian Women’s Volleyball Championship) នឹងចាប់ផ្តើមនៅថ្ងៃស្អែកនេះហើយ ដែលមានក្រុមខ្លាំងៗនៅតំបន់អាស៊ីចំនួន ១៤ចូលរួមប្រកួតនៅខេត្ត Nakhan Ratchasima ប្រទេសថៃ។
ពិតណាស់ ក្រុមជាប់វគ្គជម្រុះចំនួន ១៧ក្រុម ដែលទទួលបានកៅអីឡើងទៅប្រកួតជុំផ្តាច់ព្រ័ត្រនៅប្រទេសថៃ ប៉ុន្តែមានក្រុម ៣គឺ ឥណ្ឌូណេស៊ី នូវេលសេឡុង និង ស្រីលង្កា បានដកខ្លួន ដូច្នេះនៅសល់តែ ១៤ក្រុមប៉ុណ្ណោះ ដែលត្រូវប្រជែងគ្នាក្នុងឆ្នាំ២០២៣ នេះ។
យ៉ាងណាមិញ ការប្រកួតនេះត្រូវបានបែងចែកជា ៤ពូល គឺពូល A B C និង D ដែលត្រូវប្រកួតវគ្គសន្សំពិន្ទុក្នុងពូលពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា មុនពេលបន្តទៅប្រកួតវគ្គខ្វែង និងប្រកួតដណ្តើមចំណាត់ថ្នាក់ ចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី៦ ខែកញ្ញាទើបចប់ ក្នុងនោះមានដូចជា៖
ពូល A៖ ថៃ (ម្ចាស់ផ្ទះ) អូស្ត្រាលី និង ម៉ុងហ្គោលី
ពូល B៖ ជប៉ុន អ៊ីរ៉ង់ និង ឥណ្ឌា
ពូល C៖ កូរ៉េខាងត្បូង ឆាយនីសតៃប៊ិ វៀតណាម និង អ៊ូបេគីស្ថាន
ពូល D៖ ចិន កាហ្សាក់ស្ថាន ហុងកុង និង ហ្វីលីពីន
គួរបញ្ជាក់ផងដែរថា នៅក្នុងការប្រកួតបាល់ទះនារីជើងឯកអាស៊ី លើកទី២២ ឆ្នាំ២០២៣ នេះ ក្រុមជើងឯក ក្រុមលេខ២ និងក្រុមលេខ៣ ទទួលបានកៅអី ឡើងទៅចូលរួមប្រកួតបាល់ទះជើងឯកពិភពលោកនៅឆ្នាំ២០២៥ (2025 World Championship) ដោយស្វ័យប្រវត្តិ៕