គ្រូ​ជំនាញ​ ៣​នាក់ បាន​វិភាគជំនួប​អ្នក​លេង​ក្បាច់ ឃីម បូរ៉ា និង ក្របីព្រៃ ពេជ្រ សម្បត្តិ នាថ្ងៃខាងមុខនេះ

អ្នកលេង​គុន​ខ្មែរ​​ដែលកំពុងល្បី​ឈ្មោះ ពេជ្រ សម្បត្តិ ប៉ះ​អ្នក​លេង​​ក្បាច់​ ឃីម បូរ៉ា បាន​កំពុង​ក្លាយ​ជា​ប្រធាន​បទ​ដ៏​ក្តៅគគុក សម្រាប់​អ្នក​គាំទ្រ​ និងសម្រាប់​អ្នក​វិភាគ ដែលតែងតែជជែក​វែក​ញែក​​អស់​រយៈ​ពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ មុន​ពេល​នេះ​អ្នក​ទាំង​ពីរ​ត្រូវ​ជួបគ្នា​នា​ចុង​សប្តាហ៍​នេះ។

ពិតណាស់ នេះ​ជា​​លើក​ដំបូងហើយ​សម្រាប់​អ្នកប្រើ​កម្លាំង ពេជ្រ សម្បត្តិ និងអ្នកប្រើក្បាច់ ឃីម បូរ៉ា ក្នុងការប៉ះគ្នា ហើយជំនួបនេះដែល​​ បានធ្វើឲ្យ​មាន​មតិ​លើក​ឡើងជា​ច្រើន​​ពី​អ្នកគាំទ្រ​ និង​អ្នក​ស្នេហា​ប្រដាល់​គុន​ខ្មែរ។

យ៉ាងណាមិញ លោក នួន សូរីយ៉ា អតីត​អ្នក​ប្រដាល់​ដែល​រស់​នៅ​​សហរដ្ឋ​អាមេរិក​ បាន​និយាយ​ថា៖ “ក្បាច់​សំខាន់​របស់ ពេជ្រ សម្បត្តិ​ គឺ​បុក​ដៃ​គូ​ឲ្យ​អស់​កម្លាំង ​នៅ​ពេល​ដៃ​គូ​ចុះ​ខ្សោយ​អស់​កម្លាំង​ គឺ​ជា​ឱកាស​ដែល​ត្រូវ​ផ្តួល​បាន​​ហើយ ចំណែក ឃីម បូរ៉ា ​ជា​កីឡាករ​មាន​ក្បាច់​គ្រប់​គ្រឿង​គឺ​កណ្តាប់​ដៃ ទាត់ ជង្គង់ និង​កែង ប៉ុន្តែ​​កម្លាំង​ខ្សោយ​​ បូរ៉ា​​ អាច​វ៉ៃ ​៥​ទឹក​បាន​ល្អ​​ ទាល់​តែ​ប៉ះ​ដៃគូ​វ៉ៃ​បច្ចេកទេសដូច​គ្នា ប៉ុន្តែ​​បើ ប៉ះ​ដៃ​គូ​វ៉ៃ​បុក​គឺ​គាត់​ពិបាក​ស៊ូ​បាន ​៥​ទឹក​ពេញ​ណាស់”។ ហើយសម្រាប់​ជំនួប​នេះ លោក នួន សូរិយ៉ា គិត​ថា ពេជ្រ សម្បត្តិ អាច​ឈ្នះ ដោយសារ​មាន​ប្រៀប​កម្លាំង។

ជា​មួយ​គ្នា​នេះផងដែរ​ លោក សេន ប៊ុនថេន ជាគ្រូ​បង្វឹក​ម្នាក់​ បាន​លើក​ឡើង​ថា៖ គូ​នេះ​គឺ​ ៥០-៥០ ប្រសិន​បើ ឃីម បូរ៉ា អស់កម្លាំង​ស៊ុស អាច​នឹង​ចាញ់ ពេជ្រ សម្បត្តិ ប៉ុន្តែ​ប្រសិន​បើ​មិនអស់​កម្លាំង​ស៊ុស​ទេ ពេជ្រ សម្បត្តិ​ អាច​ជា​អ្នក​ពិបាក​វិញ”។

ចំណែក​ឯលោក​គ្រូ​​ អេ ភូថង បាន​និយាយ​​ថា៖ ៖ប្រសិន​បើ ឃីម បូរ៉ា តតាំង​ទល់​​មុខ​គឺ​ពិបាក​របស់ ពេជ្រ សម្បត្តិ​ ហើយ ប៉ុន្តែ​ បូរ៉ា ជា​កីឡាករ​វ៉ៃ​ក្បាច់​ឆ្វេង​-ស្តាំ យ៉ាង​ណា សម្រាប់គូ​នេះ លោក​គ្រូ​ឲ្យ​ ឃីម បូរ៉ា មាន​ ៦០% ខណៈ ពេជ្រ សម្បត្តិ ៤០% ដោយសារ បូរ៉ា​ ជា​សិស្ស​ច្បង។

គួរបញ្ជាក់ថា សម្រាប់ជំនួប​អ្នកទាំងពីរ ​​នឹង​​​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ ទី​៣ ខែ​កញ្ញា ឆ្នាំ​២០២៣ នៅ​សង្វៀនទូរទស្សន៍​ជាតិ​កម្ពុជា​​ក្នុង​តំបន់ OCIC ជ្រោយ​ចង្វារ រាជ​ធានី​ភ្នំពេញ ហើយ​ទាំង​ពីរសុទ្ធ​តែ​ដាក់​ខ្សែ​ក្រវាត់​​ម្នាក់ ​១​គ្រឿង ដូច្នេះ​មាន​ន័យ​ថា បើអ្នក​ឈ្នះ​ការពារ​ខ្សែ​ក្រវាត់​ខ្លួន​បាន​ជោគជ័យ​ ហើយ​នឹងទទួល​បាន​ខ្សែ​ក្រវាត់​ Krud ទម្ងន់​ ៦០​គីឡូក្រាម​ ១​គ្រឿង​ទៀត៕

អត្ថបទដែលជាប់ទាក់ទង