លោក ហេង សុខឃន ថា ការផ្សព្វផ្សាយ គុនខ្មែរ នៅចិន នឹងមានផលចំណេញមក កម្ពុជា

លោក ហេង សុខឃន អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសហការយ៉ាងជិតស្និត ជាមួយចិន ក្នុងការផ្សព្វផ្សាយគុនខ្មែរ នៅប្រទេសចិននោះ ហើយលោក សុខឃន បានមើលឃើញថា ការសហការនេះ នឹងនាំភាពរីកចម្រើន ដល់វិស័យប្រដាល់គុនខ្មែរ ជាពិសេស ការផ្សព្វផ្សាយឲ្យពិភពលោក បានស្គាល់កាន់តែច្រើនឡើងៗ ហើយក្នុងនោះ ចិន ក៏បានស្នើសុំ គ្រូបង្វឹកគុនខ្មែរ ចំនួន ២រូប ទៅបង្វឹកនៅប្រទេសចិនផងដែរ។

លោក ហេង សុខឃន បាននិយាយថា៖ “ប្រតិភូកីឡាចិន ចំនួន ៥នាក់ បានមកស្វែងយល់បន្ថែមពីគុនខ្មែរ ដើម្បីអនុវត្តកិច្ចសហការផ្សព្វផ្សាយពីគុនខ្មែរ នៅប្រទេសរបស់ពួកគេ ហើយកិច្ចសហការផ្សព្វផ្សាយនោះ មាន ២ចំណុច គឺទី១ ចិន បានស្នើសុំសហព័ន្ធប្រដាល់គុនខ្មែរ នូវគ្រូបង្វឹកកម្ពុជា ២រូប ដើម្បីទៅបង្ហាត់នៅប្រទេសចិន និងទី២ ការដកស្រង់បទពិសោធន៍ តាមរយៈការប្រកួតរវាងកីឡាករចិន និងកីឡាករកម្ពុជា ហើយចំពោះសំណើរសុំគ្រូបង្វឹកកម្ពុជា ២រូបនេះ សហព័ន្ធ បានយល់ស្រប ប៉ុន្ដែចំពោះសមាសភាពវិញ សហព័ន្ធ មិនទាន់អាចសម្រេចថា យកគ្រូបង្វឹករូបណានៅឡើយទេ ព្រោះត្រូវការព្រមព្រៀងសម្រេច និងស្ម័គ្រចិត្ត ពីសាមីខ្លួន”។

លោកបានបន្តទៀតថា៖ បន្ទាប់ពីចប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ សហព័ន្ធប្រដាល់គុនខ្មែរ បានប្រឹងប្រែងយ៉ាងសកម្មក្នុងការពង្រឹងធនធានកីឡាករ-កីឡាការិនី និងបន្ថែមការផ្សព្វផ្សាយកាន់តែខ្លាំង ខ្ញុំយល់ថា ការសហការជាមួយចិន កម្ពុជា នឹងចំណេញច្រើន ហើយការផ្សព្វផ្សាយគុនខ្មែរ គឺកាន់តែឆាប់រហ័ស ទៅកាន់អន្ដរជាតិ ព្រោះចិន ជាមហាអំណាចមួយ ដែលមានប្រជាជនច្រើនជាងគេ លើពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង