វេលាដល់ហើយ! គុនខ្មែរនឹងកក្រើកសង្វ្រៀនទទកនៅស្អែកនេះ តោះមកស្គាល់ពីសមាសភាពដៃគូពួកគេ…

ព្រឹត្តិការណ៍គុនខ្មែរគូពិសេស ដែលមានវត្តមានកីឡាករជួមុខល្បីៗ ជាច្រើនរូប ត្រូវប៉ះជាមួយកីឡាករបរទេសចំរុះពូជសាសន៍ និងសុទ្ធតែជើងខ្លាំងលំដាប់ប្រទេសនីមួយៗផងដែរ ពិតជាមោទកភាពសម្រាប់កម្ពុជា ដែលអាចរៀបចំនៅព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឡើង សម្រាប់ជំរុញដល់វិស័យគុនខ្មែរ កាន់តែល្បីល្បាញ់បន្ថែមទៀត។

សម្រាប់កីឡាករដែលត្រូវមានវត្តមាននៅលើសង្វៀនទទកនៅថ្ងៃទី៣ ខែកញ្ញា ២០២៣ ស្អែកនេះរួមមាន៖

១) កំពូលអ្នកបុកប៉ះបុកដូចគ្នា កម្ពុជានិងកម្ពុជា គូឯកប្រកួតដាក់ខ្សែក្រវ៉ាត់ ប្រភេទទម្ងន់ ៦០គ.ក នាគមាស ឃីម បូរ៉ា ប៉ះជាមួយ ក្របីព្រៃ ពេជ្រ សម្បត្តិ គូនេះបូរ៉ាចាស់ជាងបន្តិច ប៉ុន្តែកំពុងល្បីខ្លាំងដូចគ្នា។

២) ចំណែកគូឯកលេខរៀងទី៨ កំពូលអ្នកលេងកន្ត្រៃមាស ព្រំ សំណាង កីឡាករគុនខ្មែរ ដែលទទួលបានការគាំទ្រខ្លាំង និងកំពុងជោគជ័យក្នុងអាជីព និងក៏ត្រូវមានប្រកួតដ៏ធំមួយទៀតនៅក្នុងខែវិច្ឆិកាខាងមុខ ដែលជាកម្មវិធីគុនខ្មែរលំដាប់អន្តរជាតិ ត្រូវប៉ះជើងខ្លាំងភូមា ដាវ លីឌុច ប៉ុន្តែស្អែកនេះ ក៏ត្រូវស្វាគមន៍ជាមួយកីឡាករថៃ ដាប ម៉ុន ប្រកួតទម្ងន់ ៧៥គីឡូ ដើម្បីការពារខ្សែក្រវាត់គ្រុឌ ផងដែរ។

៣) ចំពោះគូទី៧ ការប្រកួតដណ្តើមខ្សែក្រវាត់គ្រុឌគុនខ្មែរ ប្រភេទទម្ងន់ ៧១ គ.ក ធន់ រិទ្ធី ត្រូវស្វាគមន៍ សាមី បានចាមេក កីឡករថៃ ដែលមហាជនបានស្គាល់ច្រើនមកហើយ គឺធ្លាប់ស៊ីកីឡាករខ្មែរជួរមុខ សូម្បីតែ ឈឿង ល្វៃ ក៏ធ្លាប់សន្លប់ដោយកូនសិស្សបួរខាងម្នាក់នេះដែរ កីឡាករ សាមីនេះ បានធ្វើព្យុះភ្លៀងយ៉ាងខ្លាំង សម្រាប់ទីផ្សារគុនខ្មែរ នាពេលកន្លងមក ដោយរូបគេតែងតែទាមទារប្រកួតសងសឹកជាមួយព្រំសំណាង ខណៈចាញ់សន្លប់លើកមុនមិនទាន់អស់ចិត្តនោះទេ ប៉ុន្តែសម្រាប់ថ្ងៃស្អែក ធន់ រិទ្ធី ទៅរួចកម្រិតណានោះ នឹងបានដឹងទាំងអស់គ្នាជាមិនខាន ប៉ុន្តែសាមីខ្លួនថា គូនេះ ខ្លួនសង្ឃឹម ១០០% ព្រោះហ្វឹកហាត់ច្រើនណាស់មុនប្រកួត និងបានបោះបង់ការប្រកួតផ្សេងៗ ជាច្រើន ដើម្បីចាំជួបជាមួយ សាមី បានចាមេកនេះផងដែរ។

៤) សម្រាប់គូទី៥ ក៏ជាគូកំពុងពេញលេងដែរ គឺកីឡាករ ឡុង បេនលឿន ប៉ះជាមួយនិង ម៉ឺន មេឃា កូនប្រុសច្បងលោក អេ ភូថង អតីតកីឡាករជើងខ្លាំងលំដាប់ប្រទេស លោកមានកូនប្រុសស្រីសុទ្ធតែជាអ្នកស្នងត្រកូលពីលោក ហើយសម្រាប់ថ្ងៃទី៣ ស្អែកនេះក៏មានវត្តមានផងដែរ ដោយកីឡាករ អេអាំម៉ារិន ភូថង ត្រូវស្វាគមន៍ កីឡាករជនជាតិ ជប៉ុន ម៉ូកូគី ដែលជាកូនសិស្សរបស់ សាមី បានចាមេកផ្ទាល់ សម្រាប់គូមិត្តភាព ទី១ បើកព្រឹត្តិការណ៍ថ្ងៃស្អែកនេះតែម្ដង។

៥) រីឯគូទី៦ ប្រកួតដណ្តើមខ្សែក្រវាត់គ្រុដដែរនោះ គឺគ្រូចាប់ខ្មោច លន បញ្ញា ត្រូវប៉ះជាមួយជើងខ្លាំងមកពី អាហ្វ្រិកខាងត្បូង អិនសេដូ ហ្គូមបេ ក្នុងប្រភេទទម្ងន់ ៦៥ គ. ហើយក៏ឡាករបរទេសម្នាក់នេះ ធ្លាប់បានប្រកួតជាមួយជើងខ្លាំងថៃជាច្រើនរូប និងធ្លាប់ស្មើជាមួយ រថ ថាំង ព្រមទាំងធ្វើឲ្យរថ ថាំង ស្គាល់ពាក្យថា ថយ ផងដែរ។ កីឡាកររូបនេះ គេមានខ្សែក្រវាត់ ៥ស្ថាប័ន ដូច្នេះសម្រាប់ ការជួបគ្នារវាង បញ្ញា ដែលជាកីឡករលំដាប់ធន់ខ្លាំងម្នាក់ដែរនោះ ចាំមើលថា នឹងមានអ្វីកើតឡើងសម្រាប់គូនេះ?

៦) គូទី៤ រវាងនាគខ្មៅ ឃីម ឌីម៉ា និងកីឡាករឡាវ ភេត ចំប៉ា ក៏ជាគូដែលអ្នកគាំទ្រគុនខ្មែរ ទន្ទឹងរង់ចាំមើលផងដែរ ព្រោះឃីមឌីម៉ា ខកខានប្រកួតយូរណាស់មកហើយ បន្ទាប់ពីរូបគេ របួសជើង ហើយសម្រាប់ថ្ងៃទី៣ ស្អែកនេះ គឺជាប្រកួតទី២ សម្រាប់ការវិលមកលើសង្វ្រៀនឡើងវិញ ឌីម៉ា ជាកីឡាករខ្មែរម្នាក់ដែល ធ្វើឲ្យអ្នកទស្សនាហើបគូថរហូត ក្នុងពេលទស្សនាការប្រកួតរបស់គេម្ដងៗ ការប្រយុទ្ធលើសង្វ្រៀន គេតែងតែវាយអស់ពីសមត្ថភាព ច្បាស់ៗណាស់ មិនដឹងថា ស្អែកនេះ ភេត ចំប៉ា អាចតទល់បានដល់ទឹកទីប៉ុន្មាននោះទេ ខណៈការប្រកួតមុនក្នុងអំឡុងខែកក្កដា ១ខែមុនេះ ប៉ះកីឡាករឡាវដែរ ឌីម៉ា ផ្តាច់ដោយកណ្តាប់ដៃត្រឹមទឹក១ប៉ុណ្ណោះ។

៧) ក្នុងព្រឹត្តិការណ៍គុនខ្មែរដ៏ធំសម្រាប់ថ្ងៃស្អែកនេះ ក៏មានវត្តមាន មឿន សុខហ៊ុច ដែរ ត្រូវប៉ះជាមួយកីឡាករថៃ រ៉ូដ ភួង ក្នុងជំនួបមិត្តភាព គូទី៣ ទម្ងន់ ៦៥គីឡូក្រាម។ សុខហ៊ុច មួយរយៈនេះ គេវាយមិនសូវឡើងសោះ ការទៅប្រកួតក្រៅស្រុកគឺ កាន់តែបានផលមិនល្អថែមទៀត ជាក់ស្តែងទៅប្រកួតនៅបារាំងកន្លងទៅ កម្មវិធី All star Kunkhmer រៀបចំដោយលោកគ្រូ ស៊ន អេលីត ក្នុងចំណោមកីឡាករទៅ ៤នាក់ ចាញ់តែឯង ចាំមើលថា ស្អែកនេះ លើទឹកដីរបស់ខ្លួន អាចយកជ័យជន្នៈបានដែរទេ?

៨) យ៉ាងណាមិញសម្រាប់ស្អែកនេះ ក៏មានសេរីចាស់ ចូលលេងដែរ គឺសិស្សច្បងធំ អ៊ុង វីរៈ ត្រូវស្វាគមន៍កីឡាករ អ៊ីរ៉ង់ អេវិន មេបូឌី ក្នុងប្រភេទទម្ងន់ ៧៨ គ.ក បន្ទាប់ពីគូបើកឆាកផងដែរ ដូច្នេះសម្រាប់ព្រឹត្តិការណ៍ស្អែកនេះ ចាប់ពីម៉ោង ៦ល្ងាចតទៅ អ្នកគាំទ្រ ទាំងផ្ទាល់ និងតាមរយៈការផ្សាយលើកញ្ចក់ទូរទស្សន៍ ទទក គឺជាព្រឹត្តិការណ៍មួយដ៏ប្រវត្តិសាស្ត្រ មិនធ្លាប់មានផងដែរ៕

អត្ថបទដែលជាប់ទាក់ទង