WOW! ក្តីស្រមៃរបស់កីឡាករ ផល សោភ័ណ្ឌ បានក្លាយជាការពិតហើយ

អ្នក​ប្រដាល់​គុន​ខ្មែរ ផល សោភ័ណ្ឌ បានចូល​​ក្រប​ខណ្ឌ​រដ្ឋ​ជា​​ប៉ូលិស​នៅ​ក្រសួង​មហា​ផ្ទៃ​ តាម​បំណង​ប្រាថ្នា​ច្រើនឆ្នាំមក​​ហើយ​ បន្ទាប់​ពី​រូប​គេ​​បាន​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​អាជីព​ប្រដាល់​អស់​រយៈ​ពេល​ប្រមាណ ​១០​ឆ្នាំ​កន្លងមក។

ពិតណាស់ ផល សោភ័ណ្ឌ បាន​ចាត់​ទុក​ការ​ទទួល​បាន​ក្រប​ខណ្ឌ​រដ្ឋ​ជា​ប៉ូលិស​នៅ​ក្រសួង​មហា​​ផ្ទៃ​នេះ​​​​ គឺ​ជា​ក្តី​ស្រមៃ​ក្លាយ​ជា​ការពិត ហើយកីឡាករ​របស់​ក្លិប​តាឡីដំរីមានរិទ្ធបាន​និយាយ​ថា៖ “ក្តីស្រមៃខ្ញុំច្រើន​ឆ្នាំ​មកនេះ បាន​ក្លាយ​ជា​ការ​ពិតហើយ អគុណ​កីឡា​ប្រដាល់​ អគុណ​ដល់​ ក្លិប​ប្រដាល់​តាឡីដំរីមានរឹទ្ធ​ធ្វើ​​ឲ្យ​ខ្ញុំ​មាន​ថ្ងៃ​នេះ.! ជាពិសេស​អរគុណដល់​អ្នក​គាំទ្រ​របស់​ខ្ញុំ”។

យ៉ាងណាមិញ ផល សោភ័ណ្ឌ ដែល​ជា​អតីត​កីឡាករ​ប្រដាល់​សកល​ជម្រើស​ជាតិ​កម្ពុជា​ និងជា​​អ្នក​លេង​គុន​ខ្មែរ​មួយ​រូប​ដែល​​រក្សា​សមត្ថភាព​បាន​ល្អ​​យូរ​អង្វែង រហូត​ដល់​​ ​ឆ្នាំ​២០២៣​ នេះ​រូប​គេ​​កំពុង​គ្រប់​គ្រង​ខ្សែ​ក្រវាត់ ៥​គ្រឿង​ គឺខ្សែ​ក្រវាត់​គុន​ខ្មែរ​អន្តរជាតិ IPCC ខ្សែ​ក្រវាត់អន្តរជាតិខារ៉ាបាវ​ ២​គ្រឿង ខ្សែ​ក្រវាត់​ស្រាបៀរ​កម្ពុជា​ និង​​ខ្សែ​ក្រវាត់​គ្រុឌ​អន្តរជាតិ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន​នេះ មាន​កីឡាករ កីឡាការិនី​ប្រដាល់​គុន​ខ្មែរ និង​ឃីក​បុក​ស៊ីង​ជា​ច្រើន​រូប​​ ទទួល​បាន​ក្រប​ខណ្ឌ​រដ្ឋ​ក្លាយ​ជា​ប៉ូលិស និង​ទាហាន​តាម​រយៈ​អាជីព​ប្រដាល់​ ហើយនេះ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដែល​ជួយ​ឲ្យ​ពួក​គេ​​ទទួល​បាន​ចំណូល​សម្រាប់​​ចិញ្ចឹម​គ្រួសា​រ​នៅ​ពេល​​ឡើង​ប្រកួត​លែង​កើត៕

អត្ថបទដែលជាប់ទាក់ទង