WOW! ខ្លាំងប៉ះខ្លាំង នៅវគ្គ Semi-finals បាល់ទះជើងឯកផ្នែកនារីប្រចាំទ្វីបអាស៊ី ២០២៣ ហើយ

ពេលនេះរកឃើញ ៤ក្រុមហើយដែលត្រូវប៉ះគ្នា គឺ ថៃ ប៉ះជប៉ុន ខណៈ វៀតណាម ប៉ះចិន នៅក្នុងការប្រកួត​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (Semi-finals) ព្រឹត្តិការណ៍​​បាល់ទះ​ជើង​ឯកផ្នែកនារី​ប្រចាំ​ទ្វីប​អាស៊ី 2023 Asian Women’s Volleyball Championship ដែល​មាន​ការ​ចូល​រួម​ចំនួន ១៤ប្រទេស ធ្វើឡើង​នៅក្នុង​ខេត្តនគររាជសីមា ចាប់​ផ្ដើម​ប្រកួត​ពី​ថ្ងៃទី៣០ ខែសីហា រហូត​ដល់​ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ ។

ពិតណាស់ ការប្រកួត​វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នឹង​ធ្វើឡើង​នៅ​ថ្ងៃ​នេះហើយ ​ក្នុងនោះមាន៖ ក្រុមបាល់ទះនារី ថៃ ប៉ះក្រុមបាល់ទះនារី ជប៉ុន នៅក្នុង​សាល MCC Hall The Mall Korat វេលាម៉ោង ០៣ៈ០០នាទីរសៀល និងក្រុមបាល់ទះនារី វៀតណាម ប៉ះក្រុមបាល់ទះនារី ចិន នៅក្នុង​សាល MCC Hall The Mall Korat វេលាម៉ោង ០៦ៈ០០នាទីល្ងាច។

យ៉ាងណាមិញ សម្រាប់​ការ​ប្រកួត​​បាល់ទះ​ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី នេះ​ ២​ក្រុម​ដែល​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​មួយនេះ នឹង​មាន​ឈ្មោះ​ចេញ​ទៅ​ប្រកួត​ក្នុង​ពានរង្វាន់​ជើង​ឯក​ពិភពលោក 2025 FIVB Volleyball Women’s World Championship ដោយ​ស្វ័យ​ប្រវត្តិ​​។

គួរបញ្ជាក់ផងដែរថា ពានរង្វាន់​បាល់ទះ​ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ីសម្រាប់​នារី នេះ​​រៀបចំ​រាល់​ ៤ឆ្នាំ​ម្តង ដោយ​ធ្វើ​ឡើង​ចាប់​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ១៩៨៧ ទើប​ចាប់​ផ្ដើម​រៀបចំ ២ឆ្នាំម្ដង ដោយ​​មាន​ក្រុម​ចូលរួម​ទាំង​តំបន់​អាស៊ី​​និង​ដែន​កោះ​មួយ​ចំនួន​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ហើយ ​ចិន ឈ្នះ​​ជើង​ឯក​បាន​ច្រើន​ជាង​គេ​ ​រហូត​ដល់​ ១៣​លើក គឺឆ្នាំ (១៩៧៩ ១៩៨៧ ១៩៨៩ ១៩៩១ ១៩៩៣ ១៩៩៥ ១៩៩៧ ១៩៩៩ ២០០១ ២០០៣ ២០០៥ ២០១១ និង ២០១៥) ចំណែកឯ ជប៉ុន វិញបានឈ្នះចំនួន ៥លើក គឺឆ្នាំ (១៩៧៥ ១៩៨៣ ២០០៧ ២០១៧ និង ២០១៩) និង ថៃ បានឈ្នះចំនួន ២លើក (២០០៩ និង ២០១៣)៕

អត្ថបទដែលជាប់ទាក់ទង