ការប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ ​៦ ខ្សែ ​របស់ Krud Kun Khmer បាន​បំបែក​កំណត់ត្រាមាន​អ្នក​មើលដល់ ​​​៦​ លាន​នាក់

ការ​ប្រកួតដណ្តើម​ខ្សែ​ក្រវាត់ ​៦​ ខ្សែ ក្នុងពេល​តែមួយ​នៃមហា​​ព្រឹត្តិការណ៍​ Krud Kun Khmer របស់​សង្វៀន​ប្រដាល់ ​ទទក បានបំបែក​កំណត់ត្រា ដោយមាន​អ្នក​តាមដាន​ការ​ប្រកួត​សរុប​ចូល ​៦​ លាននាក់​ ខណៈការ​ប្រកួត​ប្រជែងពិតជា​មាន​ភាព​ទាក់ទាញ​ និងជក់​ចិត្ត​ខ្លាំង ដោយក្នុង​នោះ​ជើង​​ខ្លាំង ព្រំ សំណាង និង ឡុង បេនលឿន សុទ្ធតែ​​ការពារ​ខ្សែ​ក្រវាត់​​​បាន​សម្រេច ចំណែក​​ ធន់ រិទ្ធី និង លន បញ្ញា បាន​បង្កើត​ភាពភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយ​បាន​ផ្តួល​កីឡាករបរទេសឲ្យសន្លប់​ដូចគ្នា ប៉ុន្តែ ឃីម បូរ៉ា បានចាញ់ ពេជ្រ សម្បត្តិ ក្នុង​ការ​ប្រកួតដាក់​ខ្សែ​ក្រវាត់។

ពិតណាស់ លោក ម៉ុល នី ដែលជាប្រធាន​ផ្គូផ្គងរបស់​សង្វៀន​ប្រដាល់ទទក បាន​ទទួល​ស្គាល់​ថា ការ​ផ្សាយ​ផ្ទាល់ សម្រាប់​ការ​ប្រកួត​ដ៏​ធំ​មិន​ធ្លាប់​មានកាលពី​យប់​ថ្ងៃទី​៣ ខែកញ្ញា​ កន្លង​ទៅនេះ ពិតជា​មាន​ភាពរអាក់រអួល​ផ្នែក​បច្ចេក​ទេស​បន្តិច​បន្តួច ដែល​ធ្វើ​ឲ្យចំនួនអ្នក​មើលពេល​​ផ្សាយ​ផ្ទាល់បាន​កើន​ឡើង​ត្រឹម​ជិត​ ៣០ម៉ឺន​នាក់ (ជិត​300K) ប៉ុន្តែ​សម្រាប់ចំនួន​អ្នក​ចូល​មើល​សរុប ក្រោយការ​ប្រកួត​បានបញ្ចប់ គឺ​មាន​រហូត​ដល់​ ៦លាននាក់ឯណោះ។​

លោក ម៉ុល នី ក៏បាននិយាយ​កាលពីម្សិលមិញ​ថា៖​ “បន្ថែម​ទៅ​លើ​ការ​បំបែក​កំណត់ត្រាពិភព​លោក សម្រាប់​ការ​រៀបចំ​ឲ្យមានការ​ប្រកួតដណ្តើម​ខ្សែ​ក្រវាត់​​ចំនួន​​ ៦​ខ្សែ ​ក្នុង​ពេល​​តែ​ ១ នេះ គឺ​ព្រឹត្តិការណ៍ Krud Kun Khmer របស់​យើងបាន​បំបែក​កំណត់ត្រា​ថ្មី​មួយទៀត ដោយមាន​អ្នក​ចូល​មើល​សរុប​ក្រោយ​ការ​ប្រកួត​ចូល​ ៦លាន​នាក់ (6M) ហើយ​នេះជា​ចំនួន​ដ៏​ច្រើន ដែលសង្វៀន​នៅ​ស្រុក​ខ្មែរ​យើងមិន​ធ្លាប់​មានក្នុង​​ប្រវត្តិ​សាស្រ្តប្រដាល់”។

ហើយលោក ម៉ុល នី បានបញ្ជាក់​ថា៖ “​ការ​ប្រកួត​នៅ​​ព្រឹត្តិការណ៍​ Krud Kun Khmer ​ពិតជា​មាន​ភាព​ស្វិតស្វាញ​ខ្លាំង ដោយសារ​កីឡាករ​ម្នាក់ៗបានប្រឹង​ប្រែង​អស់ពី​លទ្ធភាពក្នុង​​​ការ​​​ស្វែង​រកជ័យជម្នះ ហើយ​តាម​រយៈភាពជោគ​ជ័យ​ទាំង​អស់នេះ បាន​ធ្វើ​ឲ្យ​ម្ចាស់​ឧបត្ថម្ភ​របស់​យើង​សប្បាយ​ចិត្ត អ៊ីចឹង​ពិត​ណាស់ខាងគ្រុឌ និង​​ទូរទស្សន៍​ជាតិទទក នឹង​រៀបចំ​ឲ្យមាន​ព្រឹត្តិការណ៍ធំ​បែបនេះ ជាបន្ត​ទៀត”៕

អត្ថបទដែលជាប់ទាក់ទង