ដឹងតែកក្រើកអស់ឋានទាំង ៣ ហើយម្ដងនេះ ធឿន ធារ៉ា និងជើងខ្លាំងកម្ពុជា ៤រូបទៀត បានក្លាយជាអ្នកប្រមាញ់ពិឃាតទាំង៥ នៅសង្វៀនថោន
អ្នកប្រដាល់គុនខ្មែរ ធឿន ធារ៉ា និងជើងខ្លាំងកម្ពុជា ៤រូបផ្សេងទៀត បានក្លាយជាអ្នកប្រមាញ់ពិឃាតទាំង៥ ក្នុងព្រឹត្តិការណ៍កំពូលអ្នកប្រយុទ្ធគុនខ្មែរ តាមប្រមាញ់ “ឃាតកទាំង៥” នៅសង្វៀនថោន នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ដោយ ធឿន ធារ៉ា ជាគូឯកប្រចាំព្រឹត្តិការណ៍នេះ។
ពិតណាស់ ព្រឹត្តិការណ៍កំពូលអ្នកប្រយុទ្ធគុនខ្មែរ តាមប្រមាញ់ “ឃាតកទាំង៥” នេះ ប្រជុំដោយកីឡាករជើងខ្លាំង ដែលរួមមាន៖ ទី១.កីឡាករ គោរមៈ ចាន់រាជ្យ ទី២.កីឡាករជំនាញខាងវាយទម្រង់ IQ ឈុត សេរីវ៉ាន់ថង ទី៣.កីឡាករ ពេជ្រ ប៊ុនសិដ្ឋ ទី៤.កីឡាករ ឈឿន ល្វៃ និងទី៥.អ្នកលេងពូថៅដៃពិឃាត ធឿន ធារ៉ា ហើយកីឡាករកម្ពុជាទាំង ៥រូបនេះ នឹងត្រូវត្រៀមអាវុធក្បាច់គុនរបស់ខ្លួន ដើម្បីជួបជាមួយឃាតកឆ្លងដែនទាំង៥ មកពីបរទេស។
យ៉ាងណាមិញ ឃាតកទាំង ៥ ដែលនឹងត្រូវមកតតាំងជាមួយអ្នកប្រយុទ្ធគុនខ្មែរ មិនទាន់បានទម្លាយចេញពីអ្នករៀបចំកម្មវិធីទូរទស្សន៍ថោន នៅឡើយទេ ប៉ុន្តែមានការបង្ហើបឲ្យដឹងពីប្រភពកៀកជិតនឹងប្រម៉ូទ័រល្បីឈ្មោះម្នាក់បាននិយាយថា៖ «ឃាតកទាំង៥» នោះគឺចម្រុះជាតិសាសន៍ ដែលនឹងមកពីតំបន់អាស៊ាន អឺរ៉ុប និងអាស៊ីខាងត្បូងផងដែរ។
គួរបញ្ជាក់ថា សម្រាប់គូឯកប្រចាំព្រឹត្តិការណ៍ កីឡាករ ធឿន ធារ៉ា ក្រោយពីផ្តួលកីឡាកររូម៉ានី អាឡិច ប៊ូប្ល័រ នៅទឹកទី ១ ដណ្តើមបានខ្សែក្រវាត់តេជោសន្តិភាព គុនខ្មែរពិភពលោក (Kun Khmer World Champion) ក្នុងកម្មវិធីអវតាគុនខ្មែរ កាលពីថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២៣ មក រូបគេមិនទាន់បានឡើងសង្វៀនប្រកួតម្ដងនៅឡើយទេ៕