ចេះសំណាងក្រុមកម្ពុជាអាចរកបានមួយគ្រាប់តាមស្មើក្រុមហុងកុងវិញនៅទីនាទី៩០ កុំអីមិនដឹងថា…!
ការប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិកម្ពុជា ហុងកុង កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ទទួលបានលទ្ធផលគួរជាទីពេញចិត្ត បើទោះបីជាក្រុមកម្ពុជាយើង រកបាន១គ្រាប់តាមស្មើជាមួយក្រុមហុងកុងនៅទីនាទី៩០ ចុងក្រោយបង្អស់នៃការប្រកួតនេះក៏ដោយ យ៉ាងណានៅតែល្អសម្រាប់លទ្ធផលមួយប្រកួតនេះ។
ក្រោយបញ្ចប់ការប្រកួតភ្លាម គ្រូបង្វឹកកម្ពុជា លោក ហ្វីលិក ដែលម៉ាស់ បានឲ្យដឹងថា ការប្រកួតនេះក្រុមកម្ពុជាពិតជាធ្វើបានល្អ ទោះពីដំបូងក្រុមហុងកុងបានដាក់សម្ពាធខ្លាំងមកក្រុមកម្ពុជាយើង និងបាននាំមុខ ១គ្រាប់មុនក៏ពិតមែន ប៉ុន្តែចំណុចនេះ ធ្វើឲ្យក្រុមជម្រើសជាតិកម្ពុជា កាន់តែខិតខំប្រឹងប្រែងបន្ថែមទៀត ជាលទ្ធផល គឺកីឡាករ ស៊ិន សុផាណាត់ រកបាន ១គ្រាប់នៅទី៩០ និងបញ្ចប់ដោយលទ្ធផល ១ស្មើរហូតចប់ការប្រកួតតែម្ដង។
នៅអំឡុងពេលសិន្និសិទក្រោយបញ្ចប់ការប្រកួតយប់មិញនេះដែរ បន្ទាប់ពីអ្នកកាសែតបានសួរនាំថា តើលោកមានវាយតម្លៃយ៉ាងណាចំពោះការប្រកួតនេះ ខណៈក្រុមកម្ពុជា មានឱកាសជាច្រើន ដើម្បីរកគ្រាប់បាល់ ប៉ុន្តែទាល់តែ នាទី៩០ ទើបរកបានមួយគ្រាប់ដោយកីឡាករ ស៊ិន សុផាណាត់ ចំណែកវឌ្ឍនាការ ក៏មានឱកាសរកគ្រាប់បាល់ឲ្យកម្ពុជាដែរ បន្ទាប់ពីទទួលបានឱកាសសុតប៉េណាំងទី ប៉ុន្តែធ្វើមិនចំគោលដៅ និងបន្តសំណួរថា តើមានវិធានការលើ វឌ្ឍនាការ ដែរទេ?
ជុំវិញបញ្ហានេះ លោក Felix Delmas ឆ្លើយថា បាល់ទាត់ វាជាកីឡា ការប្រកួតចាញ់ឈ្នះ ជារឿងធម្មតា និងក៏មិនអាចដាក់បន្ទុកឲ្យកីឡាករដែរ ក្នុងនាមលោកជាគ្រូបង្វឹក លោកមិនបន្ទោសកីឡាករនោះទេ ផ្ទុះទៅវិញលោកបានផ្តាំផ្ញើទៅវឌ្ឍនាការថា សូមប្រឹងប្រែងអភិវឌ្ឍន៍ខ្លួនបន្ថែមទៀត ខណៈពេលនោះដែរលោកបានវាយតម្លៃខ្ពស់លើកីឡាករ សៀង ចន្ធា ថ្វីត្បិតថា ការវិលត្រឡប់មកចូលរួមប្រកួតជាមួយក្រុមវិញក្នុងរយៈពេលខ្លី ប៉ុន្តែកីឡាករកម្ពុជារូបនេះ ហាក់លេងបានល្អ និងឆាប់លេងសង់តង់គ្នាជាមួយក្រុមផងដែរ។
គួររំឮកថា នៅក្នុងសិន្និសិទយប់មិញនេះដែរ Media 365 Daily ក៏បានដាក់សំណួរទៅកាន់គ្រូបង្វឹកកម្ពុជារូបនេះ អំពីការប្រកួតនៅថ្ងៃទី១១ ជាមួយក្រុម ម៉ាកាវ ផងដែរ អំពីយុទ្ធសាស្ត្រ និងសមាសភាពកីឡាករចូលលេងសម្រាប់ការប្រកួតមិត្តភាពមួយប្រកួតទៀតនេះ ប៉ុន្តែត្រូវបានលោកបដិសេធ មិនអាចឆ្លើយបានទេ លោកថា ពេលវេលាប្រកួតនៅតែ ៣ថ្ងៃទៀតប៉ុណ្ណោះ យើងមិនអាចប្រាប់អ្នកកាសែតបានទេអំពីរឿងនេះ ហើយនេះជាការអាថ៍កំបាំង សម្រាប់ការជួបម៉ាកាវផងដែរ៕