U២៣ កម្ពុជានៅតែធ្វើបានល្អក្នុងពូល J ដោយអាចយកឈ្នះម៉ុងហ្គោលី ១-២
ការប្រកួតវគ្គជម្រុះក្នុងពូល J នៃពានរង្វាន់ AFC U23 Asian Cup ២០២៤ ស្ថិតនៅប្រទេសអារ៉ាប៊ីសាអូឌីត ជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ នៅតែធ្វើបានយ៉ាងល្អ ដោយទើបតែទទួលបានជ័យជម្នះ កាលពីយប់មិញនេះ អាចដណ្ដើមបាន៣ ពិន្ទុពី ម៉ុងហ្គោលី ក្នុងលទ្ធផល ១-២ ខណៈ សរ រតនា បានស៊ុតបញ្ចូលទីនៅនាទីទី ២៩ និង សា ទី ស៊ុតបញ្ចូលទីនៅនាទីទី ៤៤ យ៉ាងណាកាលប្រកួតបើកឆាកដំបូងកម្ពុជាបានស្មើជាមួយជម្រើសជាតិលីបង់ក្នុងលទ្ធផល ២-២ ។
ចំពោះ កម្ពុជាបច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ២ បណ្ដោះអាសន្នស្ថិតនៅក្នុងពូល J ដែលមាន៤ ពិន្ទុ ហើយក្រុមដែលឈរនៅលេខរៀងទីមួយគឺ អារ៉ាប៊ីសាអូឌីត មាន៦ ពិន្ទុ បន្ទាប់ពីឈ្នះលីបង់ក្នុងលទ្ធផល ៣-០ ។
ទោះជាយ៉ាងណា កម្ពុជានៅសល់មួយប្រកួតទៀតនៅថ្ងៃទី ១២ ខែកញ្ញា ដែលប៉ះជាមួយក្រុមខ្លាំងក្នុងពូល អារ៉ាប់ប៊ីសាអូឌីត នៅម៉ោង១១:០០នាទីយប់ ក្នុងជំនួបនេះកម្ពុជាត្រូវការឈ្នះជាដាច់ខាតដើម្បីអាចឡើងទៅកាន់វគ្គបន្តបាន ដោយក្រុមដែលឈរនៅលេខពីត្រូវបានគេយកតែ៤ ក្រុមប៉ុណ្ណោះសម្រាប់វគ្គបន្ទាប់ ក្នុង១១ ពូល៕