ប្លែកធ្លាប់តែឃើញក្រហស្ថ! ម្តងនេះចៅអធិការវត្តព្រែកលៀបបង្កើតក្រុមបាល់ទាត់ខ្លួនឯង និងមានសង្ឃដីកាបែបនេះ…
ពិតជាកម្រឃើញណាស់ ថ្លែងក្នុងសារព័ត៌មានក្នុងស្រុកមួយ ព្រះពុទ្ធវង្ស សុខ សុភាព ដែលជាព្រះចៅអធិការវត្តវ៉ារិន្ទព្រែកលៀប មានសង្ឃដីការថា កីឡាបានជួយមនុស្សឲ្យចាក់ផុតពីការធ្វើទង្វើមិនល្អក្នុងសង្គម ថែមទាំងធ្វើឲ្យមានសាមគ្គីភាព ខណៈព្រះអង្គជាអ្នកផ្ដួចផ្ដើមបង្កើតក្រុមបាល់ទាត់យុវជនវត្តវ៉ារិន្ទព្រែកលៀប តាំងពីឆ្នាំ ២០១១ មក មានរយៈពេលជាង ១០ ឆ្នាំមកហើយ សម្រាប់ផ្ដល់ឱកាសឲ្យយុវជនបានលេងកីឡា។
ព្រះអង្គមានសង្ឃដីការបន្ថែមទៀតថា ចង់ឲ្យកីឡាករក្នុងក្រុមមានឱកាសធ្វើតេស្ដសមត្ថភាព ដើម្បីអាចលេងនៅក្នុងក្លិបស្ថិតនៅលីគអាជីព ថែមទាំងអាចបង្ហាញខ្លួនឲ្យជម្រើសជាតិទៀតផង ដោយពេលកន្លងមកក៏ធ្លាប់មានកីឡាករក្នុងក្រុមខ្លះអាចលេងជាមួយក្លិបផ្សេងៗបាន ដូចជា វិសាខា អគ្គីសនីកម្ពុជា និង ព្រះខ័នរាជស្វាយរៀង តាមរយៈការបណ្ដុះបណ្ដាលពីលោក លោក ឡាយ រស្មី។
ចំពោះក្រុមបាល់ទាត់យុវជនវត្តវ៉ារិន្ទព្រែកលៀបទៀតសោធន៍ មានបែងចែកជា បីក្រុមមានដូចជា U១៤ ក្រុមយុវជនពាក់កណ្ដាលអាជីព និង ក្រុមវ័យចាស់ ហើយបច្ចុប្បន្នក៏មានគ្រូបង្វឹកសម្រាប់បង្ហាត់បង្ហាញដឹកនាំ គឺលោក ឡាយ រស្មី ដោយក្នុងក្រុមធ្លាប់បានឆ្លងកាត់ការប្រកួតជាច្រើនផងដែរ ទាំងការប្រកួតមិត្តភាព និងការប្រកួតពាក់កណ្ដាលអាជីព ថែមទាំងទទួលបានពាននិងជ័យជម្នះជាច្រើន។
គួររំលឹកថា គោលបំណងនៃការបង្កើតក្រុមបាល់ទាត់របស់ព្រះភិក្ខុ សុខ សុភាព គឺដើម្បីឲ្យមាន ការសាមគ្គីភាពគ្នា និង មានភាពជិតស្និទ្ធជាមួយវត្តអារ៉ាម ក្នុងនោះព្រះអង្គបានបញ្ជាក់ទៀតថា ព្រះសង្ឃនិងកីឡាករ គឺគ្មានបញ្ហាខុសធម៌វិន័យនោះទេ អ្វីដែលល្អទៀតនោះ គឺអាចឲ្យយុវជនជិតស្និទ្ធ រវាង ព្រះសង្ឃ និងបរិស័ទជើងវត្តទៀតផង៕