ដណ្ដើមបាន ៣ពិន្ទុពីក្រុមវិសាខា ភ្លាម ភ្នំពេញក្រោន ត្រូវប៉ះជាមួយ ក្រុម Cebu FC ក្នុងពានរង្វាន់ AFC Cup
ការប្រកួតពានរង្វាន់ខេមបូឌានព្រីមៀរលីគសប្ដាហ៍ទី៥ ទើបតែកន្លងផុតទៅកាលពីម្សិលមិញ ដោយមាន ៦ក្រុមចូលរួមប្រកួតដែលលទ្ធផល អាយអេសអាយដង្កោសែនជ័យ ១-១ ណាហ្គាវើលដ៍, បឹងកេត ២-០ គិរីវង់សុខសែនជ័យ និង វិសាខា ០-១ ភ្នំពេញក្រោន ជាក់ស្ដែង ចំពោះភ្នំពេញក្រោនបន្ទាប់ពីទៅដណ្ដើម ៣ពិន្ទុដល់ទឹកដី Prince ធ្វើឲ្យក្រុមបានឈរនៅចំណាត់ថ្នាក់លេខ ២ក្នុងតារាង Cambodian Premier League ។
យ៉ាងណាមិញ សម្រាប់ភ្នំពេញក្រោនត្រូវមានភារកិច្ចសំខាន់មួយទៀត គឺត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្រុម Cebu FC របស់ហ្វីលីពីនដើម្បីប្រកួតនៅថ្ងៃទី ២១នេះ នៅវគ្គជម្រុះក្នុងពូល F នៃពានរង្វាន់ AFC Cup ២០២៣/២៤ ក្នុងនោះខ្សែប្រយុទ្ធកីឡាករ Andres Nieto ក៏បានដាក់គោលដៅហើយដែលថា ចង់ឈ្នះពានបីក្នុងរដូវកាលនេះ ដែលក្នុងចំណោមបីមានពានរង្វាន់ AFC Cup មួយដែរ។
គួរបញ្ជាក់ថា ពូល F នៃពានរង្វាន់ AFC Cup ដែលភ្នំពេញក្រោនកំពុងស្ថិតនៅមានបីក្រុមទៀតដូចជា Cebu FC របស់ហ្វីលីពីន, Macarthur FC របស់អូស្ត្រាលី និង Shan United របស់មីយ៉ាន់ម៉ា៕