គ្រូបង្វឹកភ្នំពេញលើកឡើងពីប្រកួតជាមួយ អាយ អេស អាយ ដង្កោសែនជ័យ និង អាជ្ញាកណ្តាលអំឡុងពេលប្រកួត
ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣/២៤ សម្រាប់សប្តាហ៍ទី៦ រវាងក្រុម ភ្នំពេញក្រោន និង អាយ អេស អាយ ដង្កោសែនជ័យ បញ្ចប់ដោយលទ្ធផល ៤-០ ក្នុងនោះគ្រូបង្វឹករបស់ភ្នំពេញក្រោនបានលើកឡើងថាការប្រកួតមួយនេះ វាលំបាក ហើយលោកក៏និយាយពីបញ្ហាអាជ្ញាកណ្ដាលកាត់សេចក្ដីផងដែរ។
យោងតាមការស្រង់សំដីរបស់ Oleg Starynskyi បាននិយាយថា៖ ដូចអ្វីដែលយើងរំពឹងទុក វាគឺជាការប្រកួតដែលលំបាក និងជាពិសេសនៅពេលចប់ការប្រកួត អាជ្ញាកណ្តាលត្រូវតែមានភាពត្រឹមត្រូវក្នុងការកាត់សេចក្តី ព្រោះនេះគឺជាការប្រកួតអាជីព ដែលមិនមែនជាការប្រកួតសប្បុរសធម៏ទេ ISI Dangkor Senchey មានការរៀបចំបានល្អ ហើយមានគម្រោងលេងច្បាស់លាស់ជាមួយនឹងការវាយបកយ៉ាងលឿនរបស់ពួកគេ ។
ដោយលោកបានបន្ថែមទៀតថា៖ ជាមួយគ្នានេះផងដែរការទម្លាក់ខ្លួនចុះបន្តិចរបស់ពួកគេ គឺធ្វើឲ្យយើងមានភាពងាយស្រួលក្នុងការរកចន្លោះលេង ប៉ុន្តែកីឡាកររបស់យើងក៏ធ្វើបានល្អផងដែរនៅតំបន់ប្រយុទ្ធ ជ័យជម្នះនេះគឺពិតជាសំខាន់សម្រាប់យើងក្នុងការត្រៀមខ្លួនប្រកួតបន្ទាប់ ។
គួរបញ្ជាក់ថា ក្រោយឈ្នះ អាយ អេស អាយ ដង្កោសែនជ័យ ភ្នំពេញក្រោន ទទួលបាន ៣ពិន្ទុ ដែលមានពិន្ទុសរុប ១៨ ឈរនៅលេខរៀងទី២ នៃតារាង Cambodia Premier league ដែលក្រុមកំពូលតារាងគឺព្រះខ័នរាជស្វាយរៀង ដែលឈរនៅលេខ១ យ៉ាងរឹងមាំមិនទាន់បរាជ័យម្ដងឡើយ៕