Yudai ជាកីឡាករចូលសញ្ជាតិដំបូងដែលបានចូលរួមក្រុមជាមួយជម្រើសជាតិ
ប៉ុន្មានម៉ោងមុននេះមានភ្ញាក់ផ្អើលជាខ្លាំង ក្រោយសហព័ន្ធបាល់ទាត់កម្ពុជា បានប្រកាសជាផ្លូវការអំពីការកោះហៅកីឡាករ Yudai Ogawa របស់ក្លិបភ្នំពេញក្រោនឲ្យចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ក្នុងនោះបានធ្វើឲ្យខ្សែបម្រើសញ្ជាតិជប៉ុនរូបនេះក្លាយជាកីឡាករចូលសញ្ជាតិដំបូងគេដែលអាចបង្ហាញខ្លួនលើទីលានតំណាងឲ្យកម្ពុជា។
ចំពោះ ការប្រកបអាជីពនៅក្នុងទឹកដីកម្ពុជារបស់ Yudai ដំបូងបានឡើយរូបគេបានចូលរួមជាមួយ ក្រសួងការពារជាតិ ក្រោយមកក៏ផ្ទេរមកក្លិប Angkor Tiger នៅក្នុងឆ្នាំ២០១៩ បន្ទាប់ពីលេងនៅក្រុមដែលមានមូលដ្ឋាននៅខេត្តសៀមរាមបានចំនួន ២ឆ្នាំ នៅឆ្នាំ២០២១ រូបគេក៏បានផ្លាស់មកកាន់ភ្នំពេញក្រោនដល់បច្ចុប្បន្ន។
យ៉ាងណាមិញ រយៈពេល ៣ឆ្នាំមកនេះ Yudai Ogawa បានរួមចំណែកដល់ក្លិបឲ្យទទួលបាននៅសមិទ្ធផលជាច្រើនដូចជា ឈ្នះជើងឯកលីគកំពូលកម្ពុជា២ ដងជាប់គ្នា ឈ្នះជើងឯកខេមបូឌានលីគខាប់២ដង ជាប់គ្នា និង ឈ្នះពានពានរង្វាន់ខេមបូឌានស៊ុបភើខាប់២ ដងជាប់គ្នាផងដែរ ហើយអ្វីដែលថ្មីៗនេះរូបគេទើបតែសម្រេចបានគឺជាការជួយឲ្យភ្នំពេញក្រោនទទួលបានជ័យជម្នះក្នុងការប្រកួតពានរង្វាន់ AFC Cup ៤ប្រកួតជាប់ៗគ្នា ហេតុនេះហើយទើបធ្វើឲ្យគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Felix Dalmas សម្លឹងឃើញរូបគេឲ្យមកចូលរួមក្រុម។