ថ្ងៃនេះថាតើ បឹងកេត អាចបញ្ចប់ដំណែងជាក្រុមមិនដែលបរាជ័យ របស់ព្រះខ័នរាជស្វាយរៀងបានដែរឬទេ?
ការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣/២៤ បានមកដល់ហើយសម្រាប់សប្ដាហ៍ទី៩ ក្នុងនោះមានការប្រកួតរវាង ក្រុមចម្ការកៅស៊ូបឹងកេត និងព្រះខ័នរាជស្វាយរៀង ដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ១៨:០០ល្ងាច ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៣។
ជាការពិតណាស់ក្រុមទាំងពីរសុទ្ធសឹងតែជាក្រុមខ្លាំងនៅលីគកំពូលកម្ពុជា ព្រមទាំងមានកីឡាករល្អៗទាំងក្នុងស្រុកនិងក្រៅស្រុក ចំពោះព្រះខ័នរាជស្វាយរៀង ក្រោមការដឹងនាំរបស់លោក Pep Muñoz យើងដឹងហើយថា ក្រុមរបស់ពួកគេមិនទាន់បរាជ័យនៅឡើយទេក្នុងការប្រកួត ៨លើកមកនេះ ជាស្ដែង កីឡាករ Marcus Warren Haber របស់ក្លិបដែលមានមូលដ្ឋាននៅខេត្តស្វាយរៀងនេះ ពិតជាបានដើរតួនាទីយ៉ាងសំខាន់នៅតំបន់ប្រយុទ្ធ ដែលរូបគេតែងតែអាចស៊ុតបញ្ចូលទីបានរាល់ការប្រកួតទាំងអស់នាពេលកន្លងមក ដែលបច្ចុប្បន្ន Top Scorers នៃពានរង្វាន់ខេមបូឌានព្រីមៀរលីគ អាចស៊ុតបញ្ចូលទីបានជាង ១២គ្រាប់មកហើយ ចំពោះកីឡាករស្ថិតនៅលេខរៀងទីពីរ គឺខ្សែប្រយុទ្ធរបស់ក្លិបភ្នំពេញក្រោនកីឡាករ Shimizu Shintaro អាចស៊ុតបញ្ចូលទីបាន ៦គ្រាប់គិតត្រឹមសប្ដាហ៍ទី៨។
យ៉ាងណាបើយើងងាកទៅមើល ក្លិបបឹងកេត វិញម្ដង បច្ចុប្បន្នឈរនៅចំណាត់ថ្នាក់លេខ៤ នៃតារាងខេមបូឌានព្រីមៀរលីគ មាន ១៣ពិន្ទុ ធ្លាប់បានបរាជ័យចំនួន ៣លើកស្មើរ ១លើកនិងឈ្នះ ៤លើក បឹងកេតក៏ជាក្រុមមួយដែលល្អផងដែរ ដូចជា កីឡាករ ឃាន់ សុប៉ិន, ចាន់ វឌ្ឍនាកា, ចន្ថា ចន្ទាការ, កាន់ ពិសាល, តាំង ប៊ុនឆៃ, វ៉ាន់ តែឡាម៉ី ជាដើម ប៉ុន្តែអ្វីដែលគួឲ្យសោកស្ដាយសម្រាប់ក្រុមបឹងកេត គឺខ្សែប្រយុទ្ធដ៏មុតស្រួច ចាន់ វឌ្ឍនាកា ជួបបញ្ហារបួសមិនដឹងថា តើអាចបង្ហាញខ្លួនលើទីលានបានដែរឬអត់នោះទេសម្រាប់ការប្រកួតលើកនេះ។
រង់ចាំទស្សនាទាំងអស់គ្នាការប្រកួតដ៏កក្រើកនេះ ថាតើព្រះខ័នរាជស្វាយរៀង អាចរក្សាកំណត់ត្រាមិនធ្លាប់ចាញ់របស់ខ្លួនបានដែរឬយ៉ាងណា?