Alexandre របស់ណាហ្គាវើលដ៍ រងរបួសកន្លែងសំខាន់ដែលអាចត្រូវព្យាបាលរយៈពេលយូរ
ក្លិបបាល់ទាត់ណាហ្គាវើលដ៍ បានប្រកាសពីការស្ថានភាពរបួសរបស់កីឡាករ Alexandre Cardoso ដែលត្រូវទទួលបានព្យាបាលរយៈពេលយូរទើបអាចចូលបង្ហាញខ្លួនលើទីលានបាន យោងទៅតាម លទ្ធផលនៃការស្កេន MRI និងការតាមដានពីគ្រូពេទ្យរបស់ប្រទេស Portogal បានបង្ហាញថា Alexandre មានបញ្ហាលើឌីសចង្កេះច្រើនកន្លែង ដែលតម្រូវឲ្យសម្រាកនឹងធ្វើការព្យាបាលវះកាត់ពិសេស ដោយប្រើពេលវែងទើបអាចជាសះស្បើយ គួររំលឹកថា ខ្សែការពារ Alexandre Cardoso ត្រូវបានរងរបួសនេះអំឡុងពេល ធ្វើការប្រកួតជាមួយក្លិបបាល់ទាត់អាយ អេស អាយ ដង្កោសែនជ័យ នាពេលកន្លងទៅ។
ជាក់ស្ដែងសម្រាប់ ណាហ្គាវើលដ៍ កំពុងតែព្រួយបារម្ភចំពោះស្ថានភាពរបស់ក្រុម ព្រោះថា បានធ្លាក់ដុនដាបខ្លាំង ដែលបច្ចុប្បន្នកំពុងស្ថិតនៅលេខរៀងទី៨ នៃតារាងលីគកំពូលកម្ពុជា Cambodian Premier League យ៉ាងណាមិញចំពោះ Alexandre មិនមែនជាកីឡាករទី១ ទេ ដែលរងរបួសនេះ គឺមាន ខ្សែប្រយុទ្ធ Marcio Marques និង Rafli Mursalim ដែលកំពុងស្ថិតនៅក្នុងការសម្រាកព្យាបាលដោយរបួសដាច់សរសៃជង្គង់ ACL ផងដែរ។
គួរបញ្ជាក់ថា នៅក្នុងការប្រកួតលីគកំពូលកម្ពុជានៅសប្ដាហ៍ទី១១ ថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ត្រូវប៉ះជាមួយ ក្លិបបាល់ទាត់វិសាខា វេលាម៉ោង ៦:០០នាទីល្ងាច៕