អេមស្នែហ៍! ឡៅ ចន្ទ្រា ទទួលសំណើសងសឹកពីសុដ សាខន ចំណែកឯ ធន់ រិទ្ធី សងសឹក សៃយុគ មិនបានសម្រេចទេ…

ក្រោយចាញ់ ឡៅ ចន្ទ្រា ដោយពិន្ទុ ក្នុងការប្រកួតដណ្ដើមខ្សែក្រវាត់ លើប្រភេទទម្ងន់ ៧៣គីឡូក្រាម ក្នុងព្រឹត្តិការណ៍ The Battle of the King អ្នកប្រដាល់ថៃ សុដ សាខន បានស្នើសុំប្រកួតសងសឹក ឡៅ ចន្ទ្រា វិញ ហើយភ្លាមៗនោះ ឡៅ ចន្ទ្រា ក៏ព្រមទទួលយកការសុំសងសឹក ប៉ុន្ដែមិនទទួលយកលក្ខខណ្ឌរុំអំបោះឆៅឡើយ ចំណែកឯ ធន់ រិទ្ធី នៅតែមិនអាចសងសឹក សៃយុគ បាន ក្រោយបានត្រឹមស្មើនៅទឹកដីខ្មែរ។

ពិតណាស់ កាលពីយប់មិញ អ្នកលេងគុនខ្មែរ ឡៅ ចន្ទ្រា បានយកឈ្នះ សុដ សុខន ដោយពិន្ទុ ក្រោយប្រកួត ៣ទឹក ក្នុងការដណ្ដើមខ្សែក្រវាត់ប្រភេទទម្ងន់ ៧៣គីឡូក្រាម ក្នុងកីឡាករថៃ មិនអស់ចិត្តចំពោះការប្រកួតនេះ ហើយបានសុំឲ្យអ្នករៀបចំការកម្មវិធី ផ្គូរផ្គងឲ្យមានជំនួបសងសឹកម្តងទៀត។

យ៉ាងណាមិញ នាយសង្ហា ឡៅ ចន្ទ្រា បានយល់ព្រមប្រកួតសងសឹកជាមួយកីឡាករថៃរូបនេះ ប៉ុន្ដែបដិសេធការប្រកួតលក្ខខណ្ឌរុំអំបោះឆៅ ដោយពាក់ស្រោមដៃប្រដាល់ធម្មតា ដោយ ឡៅ ចន្ទ្រា លើកហេតុផលថា៖ ដោយសារតែខ្លួនមានរបួសដៃយូរមកហើយ ទើបអាចប្រកួតបានត្រឹមតែហ្គង់ដៃធម្មតាប៉ុណ្ណោះ ចំពោះកាលបរិច្ឆេទ​ប្រកួតសងសឹកនោះ អ្នករៀបចំកម្មវិធី មិនទាន់បញ្ជាក់នៅឡើយទេ។

នៅក្នុងសង្វៀនជាមួយគ្នានោះ ធន់ រិទ្ធី បានប្រកួតស្មើគ្នាជាមួយ សៃយុគ លើទម្ងន់ ៧៣គីឡូក្រាម ក្នុងការប្រកួតលក្ខណៈរុំអំបោះឆៅ វាយដាក់ខ្សែក្រវាត់ទៅវិញទៅមក ហើយការប្រកួតនេះ ក្នុងទឹកទី១ និងទឹកទី២ កីឡាករទាំងពីរ វាយទៅវាយមក ដោយការប្រុងប្រយ័ត្នបំផុត លុះចូលដល់ទឹកទី៣ ធន់ រិទ្ធី បានវាយចំកណ្ដាលផ្ទៃ សៃយុគ បណ្ដាលឲ្យអាជ្ញាកណ្ដាលរាប់ម្ដង ហើយក្នុងទឹកដដែលនោះ សៃយុគ ដូចជាដឹងថា ប្រសិនជាមិនប្រឹងវាយបកឲ្យ ធន់ រិទ្ធី រាប់វិញទេ ច្បាស់ជាចាញ់ពិន្ទុ ចំណែកឯ ធន់ រិទ្ធី ក៏ព្យាយាមគេចពីកំដាប់ដៃរបស់កីឡាករថៃរូបនេះដូចគ្នា ប៉ុន្ដែក៏បានភ្លាត់ត្រូវ ១ជើងចំក និង១ដៃចំមុខ ហើយអាជ្ញាកណ្ដាលរាប់ នៅក្នុងទឹកទី៣នេះដែរ ចុងក្រោយលទ្ធផល រវាងអ្នកទាំង២ បានត្រឹមស្មើប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា នេះជាការសងសឹកមិនបានសម្រេចរបស់ រិទ្ធី លើ សៃយុគ ដ្បិតអ្នកទាំងពីរធ្លាប់បានជួបគ្នាម្តងហើយ នៅទឹកដីថៃ ដែលកាលនោះ អ្នកប្រដាល់ចាស់វស្សារបស់ថៃ វ័យ ៣៨ឆ្នាំ បានផ្តួល រិទ្ធិ វ័យ ២៣ឆ្នាំសន្លប់នៅលើសង្វៀន Thai Fight៕
អត្ថបទដែលជាប់ទាក់ទង