សុខ ធី បានប្រាប់ពីគម្រោងនាំប្រពន្ធនិងកូនមករស់នៅប្រទេសកម្ពុជា នាពេលខាងមុខនេះ…
សុខ ធី រហស្សនាមហៅ កាកា អាចនិងធ្វើដំណើរមកប្រទេសកម្ពុជា នៅខែកក្កដា ខាងមុខនេះ ដើម្បីពិភាក្សាជាមួយលោកឧកញ៉ា ស្រី ចាន់ថន មុនពេលសម្រេចចិត្តនាំប្រពន្ធ និងកូនមករស់នៅប្រទេសកម្ពុជា ពិតប្រាកដ។
កីឡាករដែលមានដើមកំណើតនៅខេត្តបន្ទាយមានជ័យ សុខ ធី ហៅ កាកា បាននិយាយថា៖
ខ្ញុំនិងឡើងវ៉ៃ ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២៣ នេះហើយ បន្ទាប់មកខ្ញុំនិងទៅស្រុកខ្មែរ ដើម្បីជជែកជាមួយលោកឧកញ៉ា ស្រី ចាន់ថន ឲ្យបានច្បាស់លាស់ជាមុនសិន មុនពេលសម្រេចមករស់នៅប្រទេសកម្ពុជា ហើយខ្ញុំក៏បាននិយាយជាមួយប្រពន្ធកូនរបស់ខ្ញុំរួចហើយ ពួកគាត់សម្រេចទៅនៅស្រុកខ្មែរជាមួយខ្ញុំ តែខ្ញុំត្រូវទៅខ្មែរមុនសិន និយាយជាមួយលោកឧកញ៉ា ស្រី ចាន់ថន ប្រសិនបើ លោកជួយរៀបចំឲ្យខ្ញុំមានកន្លែងស្នាក់នៅ កន្លែងកូនរៀន និងកន្លែងប្រពន្ធអាចធ្វើការបាន ខ្ញុំនិងយកប្រពន្ធកូនទៅនៅខ្មែរហើយ។
ពិតណាស់ អ្នកលេងគុនខ្មែរ សុខ ធី ត្រូវបានគេដឹងថា គាត់មិនសូវទទួលបានឱកាសឡើងប្រកួតទេ នៅប្រទេសថៃ ស្របពេលកីឡាគុនខ្មែរ និងមួយថៃមានបញ្ហានៅក្នុងកីឡាស៊ីហ្គេម លើកទី៣២ ដែលប្រទេសកម្ពុជាធ្វើម្ចាស់ផ្ទះ ការមិនបានឡើងប្រកួតយូរបានធ្វើឲ្យរូបគេជួបការលំបាកក្នុងការចិញ្ចឹមគ្រួសារ ដោយសាររូបគេត្រូវការឡើងប្រកួតដើម្បីទទួលបានចំណូល។
គួបញ្ជាក់ផងដែរថា សុខ ធី ហៅ កាកា នឹងត្រូវឡើងប្រកួតជាមួយកីឡាករថៃ ដែលមានឈ្មោះ ភិតវីសៃ នៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ មុននិងរូបគេមករស់នៅប្រទេសកម្ពុជា៕