អ្នកលេងគុនខ្មែរ ៤រូបនេះហើយ ដែលចេញទៅប្រកួតក្នុងព្រឹត្តិការណ៍ Kun Khmer All Star នៅប្រទេសបារាំង ដោយប៉ះសុទ្ធតែជើងខ្លាំង…
នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៣ សប្ដាហ៍ក្រោយនេះ អ្នកប្រដាល់គុនខ្មែរជើងខ្លាំង ៤រូប និងចេញទៅប្រកួតក្នុងព្រឹត្តិការណ៍ Kun Khmer All Star នាទីក្រុងប៉ារីស ប្រទេសបារាំង ដែលនេះបានបង្ហាញថា ប្រដាល់គុនខ្មែរ បានល្បីល្បាញដល់អឺរុប និងពិភពលោកហើយ បន្ទាប់ពីគុនខ្មែរបានដាក់ឲ្យប្រកួតនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ មកនោះ។
ពិតណាស់ ព្រឹត្តិការណ៍ Kun Khmer All Star គឺជាកម្មវិធីប្រដាល់ប្រកួតក្បាច់គុនបុរាណខ្មែរ ដែលប្រជុំដោយកីឡាករខ្លាំងៗឆ្លងទ្វីបឆ្លងប្រទេស ដោយពួកគេត្រូវប្រកួតគ្នា ដើម្បីស្វែងរកកេរ្តិ៍ឈ្មោះកិត្តិយសជូនប្រទេសជាតិរៀងៗខ្លួនក្នុងប្រភេទក្បាច់គុនខ្មែរសុទ្ធសាធ ហើយគុនខ្មែរជាក្បាច់គុនដែលមានប្រវត្តិរាប់ពាន់ឆ្នាំ ជនជាតិខ្មែរជាម្ចាស់ដើមតាមរយៈភស្តុតាងជារូបចម្លាក់គុនខ្មែរនៅជាប់ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម និងនៅប្រាសាទខ្មែរផ្សេងៗទៀតជាច្រើន។
គួរបញ្ជាក់ថា តាមការផ្គូរផ្គងរួចមកហើយនោះ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ អ្នកប្រដាល់កម្ពុជា ពេជ្រ សម្បត្តិ និងត្រូវប្រកួតជាមួយ អ្នកប្រដាល់ Faycal Banroudi អេលីត សម្ផស្ស និងត្រូវប្រកួតជាមួយ Ghilas Barach មឿន សុខហ៊ុច និងត្រូវប្រកួតជាមួយ Yanis Kasem និងអ្នកប្រដាល់ អេលីត សាន់ និងត្រូវប្រកួតជាមួយ Hamsa Moudo ៕