ត្រឹមតែវ័យ ១៤ឆ្នាំ សោះ កីឡាករម្នាក់នេះពិបាករកដៃគូប្រកួតប្រដាល់គុនខ្មែរ ប្រភេទទម្ងន់ ៤០គីឡូ ទៅហើយ…
កុមារា ផានិត ផាណា បានចូលហ្វឹកហាត់ប្រដាល់គុនខ្មែរនៅក្លិប សុវណ្ណកុមារគុនខ្មែរ ៤ឆ្នាំមកហើយ និងធ្លាប់ប្រកួត ៥៨លើក ក្នុងនោះឈ្នះ៥០លើក និងចាញ់ ៨លើក ត្រឹមវ័យ ១៤ឆ្នាំ តែ ផាណា តែងស្រមៃចង់ក្លាយជាកីឡាករឆ្នើម នឹងមានសមត្ថភាពគ្រប់គ្រាន់ដូចជារៀមច្បងដទៃទៀត ដើម្បីឡើងប្រកួតលើឆាកអន្ដរជាតិ ដោយលោក អ៊ុំ ផានិត ប្រធានក្លិបសុវណ្ណកុមារគុនខ្មែរ និងជាគ្រូបង្វឹកផ្ទាល់ បានបញ្ជាក់ថា សព្វថ្ងៃ ផាណា ពិបាករកគូប្រកួតលើប្រភេទទម្ងន់ ៤០គីឡូក្រាមណាស់។
កុមារា វ័យ ១៤ឆ្នាំ ដែលមានឈ្មោះដើម អ៊ុំ ផាណា បានប្រាប់សារព័ត៌មានថ្មីៗថា ខ្លួនតែងស្រម៉ៃចង់ក្លាយជាកីឡាករប្រដាល់គុនខ្មែរ ដែលមានឈ្មោះល្បីល្បាញ ដូចជារៀមច្បងដទៃទៀតក្នុងវិស័យកីឡាមួយនេះ ដូច្នេះ កីឡាករវ័យក្មេងម្នាក់នេះ បានប្រឹងហាត់ជាខ្លាំង នៅក្នុងក្លិបសុវណ្ណកុមារគុនខ្មែរ។
ពិតណាស់ កុមារា ផានិត ផាណា បានចំណាយពេលវេលាទំនេររបស់ខ្លួនបន្ទាប់ពីការសិក្សា ទៅហ្វឹកហាត់ប្រដាល់គុនខ្មែរ ដោយកីឡាករវ័យក្មេងនេះ បានផ្ដល់បទសម្ភាសមកកាន់សារព័ត៌មានមួយ ទាំងទឹកមុខស្មើៗថា រូបខ្លួន ត្រូវងើបពីម៉ោង ៥ ព្រឹក ដើម្បីហ្វឹកហាត់ប្រដាល់គុនខ្មែរ ដល់ម៉ោង ៧ ព្រឹក ហើយម៉ោង ៨ – ១១ ព្រឹក ផាណា ត្រូវទៅសាលារៀន ចំណែកម៉ោង ១ រសៀល សិស្សវិទ្យាល័យរូបនេះ ត្រូវចូលរៀនម្ដងទៀត ដល់ម៉ោង ៣ រសៀល បន្ទាប់ពីចេញពីរៀន ផាណា ត្រូវហ្វឹកហាត់គុនខ្មែរម្ដងទៀត ចាប់ពីម៉ោង ៣ រសៀល គាត់ត្រូវអនុវត្តបែបនេះ ជារៀងរាល់ថ្ងៃ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ផានិត ផាណា មានទីលំនៅ ក្នុងស្ថិតនៅភូមិព្រែកក្ដី ឃុំព្រែកតាទែន ស្រុកពញ្ញាឮ ខេត្តកណ្ដាល ដែលជាទីតាំងរបស់ក្លិបប្រដាល់ក្លិបសុវណ្ណកុមារគុនខ្មែរ ផងដែរ ដោយកុមារារូបនេះ ជាសិស្សនៅថ្នាក់ទី៧ នៃ វិទ្យាល័យព្រែកតាទែន ហើយ ផាណា បានចូលហ្វឹកហាត់ប្រដាល់ដំបូង នៅឆ្នាំ២០១៩ ជាមួយលោក អ៊ុំ ផានិត ដែលជាឪពុកបង្កើតផង និងគ្រូបង្វឹកផង ដែលកាលនោះ ផាណា ទើបតែអាយុ ១០ឆ្នាំប៉ុណ្ណោះ៕