អេមណាស់! កីឡាករប្រដាល់ចាស់វស្សា ៤នាក់ ដែលបានវិលមកកាន់សង្វៀនវិញ នាឆ្នាំ២០២៣ នេះ…
មួយរយៈពេលចុងក្រោយនេះ កីឡាករប្រដាល់គុនខ្មែរចាស់វស្សាជាច្រើនរូបបានវិលមកកាន់អាជីពប្រដាល់ឡើងវិញ បន្ទាប់ពីបាត់មុខពីពិភពប្រដាល់គុនខ្មែរជាច្រើនឆ្នាំ កីឡាករខ្លះមានបញ្ហារបួស និងកីឡាករខ្លះមានអាយុច្រើនចេញទៅធ្វើការងារផ្សេងៗ ដើម្បីចិញ្ចឹមជីវិត ប៉ុន្តែនៅពេលជាសះស្បើយពីរបួស ឬការងារមិនសូវល្អប្រសើរ ពួកគាត់បានវិលមកកាន់សង្វៀនជាថ្មីវិញ ក្នុងនោះរួមមាន៖ កីឡាករ ឡុង សុវណ្ណឌឿន កីឡាករ ឡុង សុភី កីឡាករ ម៉ឺន សុភា និងកីឡាករ វង្ស ណយ ។
-កីឡាករ ឡុង សុវណ្ណឌឿន បានបាត់មុខពីសង្វៀនប្រហែលជាបីបួនឆ្នាំទៅហើយ ដោយសារអាយុច្រើន និងបង្កើតការងាររកស៊ីផ្ទាល់ខ្លួន ប៉ុន្តែនៅពាក់កណ្តាលឆ្នាំ២០២៣ នេះ រូបគាត់ក៏បានឡើងមកកាន់សង្វៀនជាថ្មី ដោយបីសប្តាហ៍មុន រូបគាត់បានប្រកួតស្មើគ្នាជាមួយកីឡាករឡាវ ស៊ីធឿន និងកាលពីចុងសប្តាហ៍កន្លងទៅនេះបានប្រកួតចាញ់កីឡាករថៃ Korgamesthakrai ។
-កីឡាករ ឡុង សុភី ដែលជាប្អូនប្រុសរបស់លោកគ្រូ ឡុង សារវ័ន្ត ក៏ត្រូវបានគេឃើញឡើងមកកាន់សង្វៀនវិញបាន ២លើកហើយ បន្ទាប់ពីបាត់មុខពីប្រដាល់គុនខ្មែរជាយូរ ដោយការវិលមកកាន់សង្វៀនវិញលើកទី១ ឡុង សុភី បានប្រកួតឈ្នះពិន្ទុកីឡាករឡាវ ស៊ីធឿន និងចុងក្រោយកាលពីសប្តាហ៍មុននេះបានចាញ់កីឡាករថៃ យ៉តឌីហ្សែល លូកចៅម៉ៃសៃថង។
-កីឡាករ ម៉ឺន សុភា ដែលជាកូនសិស្សរបស់លោកគ្រូ ធន់ សុភា ត្រូវបានគេដឹងថា បានឃ្លាតឆ្ងាយពីសង្វៀនប្រដាល់ប្រមាណជាង ៤ឆ្នាំមកហើយ ដោយសាររបួស ប៉ុន្តែកាលពីសប្តាហ៍មុននេះ រូបគាត់បានឡើងសង្វៀនជាថ្មី ដោយការវិលមកកាន់សង្វៀនជាថ្មីនេះ ម៉ឺន សុភា នៅតែមានបច្ចេកទេសវ៉ៃបានល្អ ប៉ុន្តែទម្ងន់ឡើងជាងមុនច្រើន រូបគាត់បានប្រកួតឈ្នះពិន្ទុលើកីឡាករអង់គ្លេស ម៉ាទីន កាលពីសប្តាហ៍មុន។
ចុងក្រោយគីកូននាគឆ្លងដែន វង្ស ណយ៖
ដូចបងប្អូនបានដឹងរួចមកហើយថា វង្ស ណយ បានបាត់មុខពីសង្វៀនគុនខ្មែរជាច្រើនឆ្នាំដែរហើយ ដោយបានទៅរកស៊ីលក់ងៀតក្របី ប៉ុន្តែរូបគាត់នៅមិនទាន់អស់អាល័យនិងអាជីពប្រដាល់នៅឡើយ គាត់ក៏បានវិលត្រឡប់មកកាន់សង្វៀនជាថ្មី ដោយទទួលបានការចាប់អារម្មណ៍ពីមហាជនជាខ្លាំង ក្នុងការការវិលត្រឡប់មកកាន់សង្វៀនជាថ្មីនេះ វង្ស ណយ នៅតែមានសន្ទុះចិត្តសម្រុកវ៉ៃដូចមុន ប៉ុន្តែបើនិយាយពីកម្លាំងស៊ុហ្វវិញ គឺខ្សោយ ដែលធ្វើឲ្យកីឡាករអ៉ីរ៉ង់ អាប៊ូលហ្វាហ្សល៍ ផ្តួលឲ្យសន្លប់ក្នុងទឹកទី២៕