អស្ចារ្យណាស់! គុនខ្មែរអលស្តារនៅបារាំង ត្រៀមផ្សព្វផ្សាយ «គុនខ្មែរ» ទៅកាន់ពិភពលោក
ក្រោយពីបានបង្ហាញវត្តមានចំនួន ៦លើកនៅលើទឹកដីកម្ពុជា នៃព្រឹត្តិការណ៍ប្រដាល់គុនខ្មែរអលស្តារ (Kun Khmer All Stars) កំពុងតែត្រៀមខ្លួនរួចរាល់ហើយ ដើម្បីបង្កើតភាពរំភើបនៅទីក្រុងប៉ារីស ប្រទេសបារាំង ជាលើកដំបូង នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមកិច្ចសហការជាមួយក្លិប RAHU Fight III និងក្លិប Prodal Poran ដែលមានមូលដ្ឋាននៅទីនោះ ជាអ្នកដឹកនាំការប្រកួត។
សម្រាប់ការប្រកួតប្រដាល់គុនខ្មែរអលស្តារ នៅទីក្រុងប៉ារីស ជាលើកដំបូងនេះ ត្រូវបានគេប្រសិទ្ធនាមថា Kun Khmer All Stars RAHU Fight III ដោយមានការប្រកួតចំនួន ៧ គូ ហើយក្នុងនោះការប្រកួតរវាងកីឡាករកម្ពុជា និងអ្នកប្រដាល់បារាំង មានចំនួន ៤ គូ ចំណែកកីឡាករកូនកាត់ខ្មែរ-បារាំង Kun Alexandre ដែលរស់នៅបារាំងក៏ប្រកួតតំណាងឲ្យ គុនខ្មែរ ផងដែរ។
គួរឲ្យដឹងថា លោក ស៊ន អេលីត គឺជាស្ថាបនិកកម្មវិធីគុនខ្មែរអលស្តារ ដែលបានដឹកនាំកីឡាករកម្ពុជាទាំង ៤ រូបរួមមាន អេលីត សាន់ ពេជ្រ សម្បត្តិ មឿន សុខហ៊ុច និង អេលីត សម្ផស្ស ទៅដល់ទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីហ្វឹកហាត់ត្រៀមនៅតាមក្លិបមួយចំនួននៅទីនោះ ហើយគិតមកទល់ពេលនេះពួកគេបានត្រៀមខ្លួនរួចរាល់អស់ហើយ ដើម្បីវ៉ៃក្នុងព្រឹត្តិការណ៍គុនខ្មែរអលស្តារ នៅប្រទេសបារាំងនេះ ដែលផ្តោតខ្លាំងទៅលើការផ្សព្វផ្សាយ «គុនខ្មែរ» ទៅកាន់ពិភពលោក។
គួរបញ្ជាក់ផងដែរថា សម្រាប់ការប្រកួត Kun Khmer All Stars RAHU Fight III នេះ និងប្រកួតនៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះហើយ ដោយអ្នកលេងកណ្តាប់ដៃ ពេជ្រ សម្បត្តិ ត្រូវជួបម្ចាស់ខ្សែក្រវាត់របស់បារាំង Faycal Bahroudi រីឯ អេលីត សាន់ ត្រូវប៉ះជាមួយបារាំង Hamza Moudo ចំណែកអ្នកលេងស្នៀតជើង មឿន សុខហ៊ុច ត្រូវតទល់និងបារាំង Yanis Kassem ខណៈ អេលីត សម្ផស្ស ត្រូវប្រកួតជាមួយបារាំង Ghilas Barache ហើយ Kun Alexandre ត្រូវជួបបារាំង Hakim Kotbi ផងដែរ៕