យប់នេះដឹងតែកក្រើកហើយ ក្របីព្រៃ ពេជ្រ សម្បត្តិ ប៉ះ ម្ចាស់ខ្សែក្រវាត់ WBC
នៅយប់ថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣ នេះ អ្នកលេងគុនខ្មែរជាច្រើនរូបនឹងត្រូវធ្វើការប្រកួតជាមួយម្ចាស់ផ្ទះបារាំង ក្នុងព្រឹត្តិការណ៍ការប្រកួត Kun Khmer All Star ជាលើកដំបូងនៅទីក្រុងបារីស ប្រទេសបារាំង។
ក្នុងនោះគូដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតគឺ ក្របីព្រៃ ពេជ្រ សម្បត្តិ ប៉ះកីឡាករបារាំង Faycal Bahroumi ដែលជាម្ចាស់ខ្សែក្រវាត់មួយថៃអន្តរជាតិ WBC International ហើយរូបគេជាកីឡាករម្នាក់ដែលមានបទពិសោធច្រើន និងមានភាពរឹងមាំក្នុងការប្រកួតលើសង្វៀន ដោយកីឡាករបារាំងមកពីក្លិប Team Alamos រូបនេះធ្លាប់បានឡើងសង្វៀនមិនក្រោម ៥០ដងឡើយ ហើយអាវុធដែលគ្រោះថ្នាក់បំផុតរបស់ Faycal គឺទាត់ និងឡើងជង្គង់ ស្របពេលកាយសម្បទារឹងមាំ និងកម្ពស់ ១.៧៥ម៉ែត្រ រូបគេប្រហែលជាដាក់សម្ពាធខ្លាំងលើ ពេជ្រ សម្បត្តិ ដែលទាបជាងគេ។
ទោះបីជាយ៉ាងណា អ្នកគាំទ្រទុកចិត្តលើអ្នកលេងគុនខ្មែរ ពេជ្រ សម្បត្តិ ដែលជាកីឡាករអង់អាច ក្លាហាន និងមិនចេះចុះញមដៃគូឡើយ រាល់ពេលឡើងសង្វៀន រូបគេតែងតែដើរសម្រុកចូលវ៉ៃរហូតតាមរយៈកណ្តាប់ដៃធ្ងន់ៗ និងកែងដ៏គ្រោះថ្នាក់ ដូច្នេះច្បាស់ណាស់គូនេះពិតជាធ្វើឲ្យកក្រើកទីក្រុងបារីស ប្រទេសបារាំងហើយ។
ក្រៅពីគូរវាង ពេជ្រ សម្បត្តិ និង Faycal អ្នកគាំទ្រនឹងបានឃើញឆាកប្រយុទ្ធរវាងកីឡាករកម្ពុជា អេលីត សម្ភស្ស និងកីឡាករ Ghilas Barach ដែលជាម្នាក់ជើងឯករបស់ប្រទេសអាល់ហ្សេរី ខណៈ អេលីត សាន់ ប៉ះ Hamza Moudo ហើយ មឿន សុខហ៊ុច ក៏ប្រកួតដែរ ប៉ុន្តែនៅមិនទាន់ច្បាស់ពីដៃគូឡើយ បន្ទាប់ពីកីឡាករ Yanis Kassem បានប្រាប់ខ្លួននៅប្រទេសថៃមិនបានទៅប្រកួតទេ។
គួរបញ្ជាក់ថា នៅកម្មវិធីប្រដាល់ Kun Khmer All Star តាមការគ្រោងទុកនឹងចាប់ប្រកួតនាវេលាម៉ោង ១០យប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ នៅសង្វៀន Michel Jaz Gymnasium តំបន់ Bussy Saint George ក្នុងទីក្រុងបារីស ប្រទេសបារាំង៕