គុនខ្មែរលើទឹកដីបារាំងយប់មិញទៅបួនចាញ់មួយ ខណៈមឿនសុខហ៊ុចទន់ជ្រាយជាងគេ និងចាញ់ដោយពិន្ទុ

មឿន សុខហ៊ុច ជាកីឡាករដែលទន់ជ្រាយជាងគេ ក្នុងចំណោមកីឡាករ ៤រូប ទៅប្រកួតកម្មវិធីគុនខ្មែរ អលស្តារ នៅស្រុកបារាំង ដែលបានធ្វើឡើងកាលពីយប់មិញនេះ ខណៈកីឡាករ ៣នាក់ទៀត ដែលរួមដំណើរជាមួយគ្នា ពួកគេឈ្នះដោយមោទកភាពបំផុតសម្រាប់ជាតិ និងកេរ្តិ៍ឈ្មោះរបស់ពួកគេផ្ទាល់។

សុខហ៊ុច ប្រកួតគូពិសេសទី៣ ក្នុងចំណោមកីឡាករកម្ពុជា ទាំង៤រូប ប៉ុន្តែលទ្ធផល អ្នកលេងគុនខ្មែររូបនេះ ធ្វើមិនបានល្អទាល់តែសោះ ព្រោះការវាយចេញរបស់គេទៅលើគូប្រកួត ហាក់មិនចំគោលដៅ វាយឡាំឡាយ គ្មានក្បាច់ត្រឹមត្រូវដើម្បីតតាំងជាមួយដៃគូទាល់តែសោះ សូម្បីដឹងគូប្រកួតឈឺជើង តែសុខហ៊ុច ចូលទាត់ដៃគូមិនត្រូវ ការវាយរបស់គេ ហាក់ដូចជាធ្លាក់ខ្លាំងជាងមុនឆ្ងាយណាស់។

សុខហ៊ុចធ្លាប់ជាកីឡាករល្អមួយរូបពីមុនមក ប៉ុន្តែក្រោយមកនេះ រូបគេកាន់តែធ្លាក់ទៅៗ ខណៈមិត្តរួមជំនាន់ និងសិស្សប្អូនស្រករក្រោយ ពួកគេកាន់តែមានប្រជាប្រិយភាព និងរីកចម្រើនជាបន្តបន្ទាប់។ បើនៅតែបន្តបែបនេះ សុខហ៊ុច អាចនឹងបាត់បង់ឱកាសឡើងសង្វ្រៀនបន្តទៀត និងម្យ៉ាងទៀត គ្រប់កីឡាករឲ្យតែបានល្បីចាប់ផ្តើមលែងហាត់ ចាំមើលមិនយូរទេ នឹងបាត់មុខឯង។

គួររំឭកថា សម្រាប់គុនខ្មែរអលស្តារទៅប្រកួតនៅស្រុកបារាំង កាលពីយប់មិញ ឈៀងចូលថ្ងៃទី២៥ ខែមិថុនា ២០២៣នេះ កីឡាករ អេលីត សម្ផស្ស ឈ្នះកីឡាករបារាំង Ghiras Barache ក្នុងទឹកទី២ អេលីតសាន់ ឈ្នះ កីឡាករ Hamza Moudo ក្នុងទឹកទី២ ដោយសន្លប់ និងពេជ្រ សម្បត្តិ ឈ្នះ Faycal ដោយពិន្ទុ ខណៈការប្រកួតមានចំនួប៣ទឹកដូចគ្នា ហើយ មឿន សុខហ៊ុច ចាញ់ កីឡាករ Omar ដោយពិន្ទុ និងទ្រោមខ្លួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង