គ្រូ​ប្រដាល់​ម្នាក់​ បានប្រាប់​​​ថា កុំ​ឲ្យ​​​តម្លៃ​កីឡាករ​​ថៃ​ សាមី ខ្លាំងពេក បន្ទាប់ពីឈ្នះ ឈឿង ល្វៃ

កីឡាករ​ប្រដាល់​គុន​ខ្មែរ និង​អ្នក​គាំទ្រ​មួយ​ចំនួន​នៅ​មិន​​សុខ​ស្រួល​​ឡើយ​ចំពោះ​កីឡាករថៃ​ សាមី បានចាមេក បន្ទាប់​ពី​​រូប​គេបាន​ផ្តួល​​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម ឈឿង ល្វៃ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១ កាល​ពី​យប់​ថ្ងៃ​អាទិត្យ ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២៣ ក្នុង​នោះ កីឡាករ​ប្រេស៊ីលសញ្ជាតិ​ខ្មែរ សែន ច័ន្ទឫទ្ធីគុន (Thiago Teixeira) បាន​ប្រកាសចង់​ជួប សាមី ដើម្បី​សង​សឹក​ឲ្យ​ ឈឿង ល្វៃ ហើយជាមួយ​គ្នា​នោះ ​ក៏​ការ​លើក​ឡើង​ជា​ច្រើន​អំពី​កីឡាករ​គុន​ខ្មែរ​ដែល​អាច​​ជួប​​ សាមី​ ក្នុង​នោះ​មាន​​កីឡាករ​ល្បី​ៗ​ដូច​​ជា រឿង សោភ័ណ្ឌ ព្រំ សំណាង ឡៅ ចន្ទ្រា ធឿន ធារ៉ា និង Thiago ជា​ដើម​ដែល​សុទ្ធ​តែ​កីឡាករ​លំដាប់​ A នៅ​កម្ពុជា។

ទោះ​បី​ជា​យ៉ាង​ណាក៏ដោយ ការ​លើក​ឡើង​បែប​នេះ​​ត្រូវ​បាន​ លោក ជា រិទ្ធ គ្រូ​បង្ហាត់​ប្រដាល់​ម្នាក់​បាន​បញ្ចេញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា៖ គ្រាន់​តែ​កីឡាករ​ធម្មតា​ម្នាក់​របស់​គេ​ ហេតុ​អី​យើង​ចាំ​បាច់​ប្រមូល​កីឡាករ​កម្រិត A យើង​ទាំង​អស់​មក​ធ្វើ​អី? ចុះ​បើ​ចាញ់​ទាំង​អស់​ទៀត តើ​យើង​គិត​មិច? បើ​តាម​គំនិត​ខ្ញុំ​កុំ​ឲ្យ​តម្លៃ​គេ​ពេក​ ចង់​ឈ្នះ​គេ​ពេក តែ​យើង​កំពុង​​ឲ្យ​តម្លៃ​មួយ​ថៃ​ហើយ ខ្ញុំ​គិត​ថា​គេ​កំពុង​សើច​យើង​ហើយ​មើល​ទៅ នេះ​គ្រាន់​តែ ​សាមី​ ម្នាក់​ មក​អុក​ឡុក​គុន​ខ្មែរ​ពេញ​ប្រទេស ចុះ​ទម្រាំ​តែ​លំដាប់ A គេ​ទៀត​នោះ​ តើ​យើង​នៅ​ណា​ក្នុង​កែវ​ភ្នែក​ពិភព​លោក ហើយយើងកម្រិត A យើង​ឈ្នះ​កម្រិត​ខេត្ត​គេ​ ក៏​មិន​សូវ​មាន​ន័យ​ដែរ ដូច​ រឿង សោភ័ណ្ឌ​ គួរ​តែ​វាយជា​មួយ ​សែន​ឆៃ​ បាន​ស័ក្តិសម នេះ​គ្រាន់​តែ​ជា​គំនិត​របស់​ខ្ញុំ​​មួយ​​ជ្រុង​ប៉ុណ្ណោះ សូម​អរគុណ ខុស​ឬ​ត្រូវ​សូមអភ័យ​ទោស។

គួរបញ្ជាក់ថា  កីឡាករថៃ សាមី កំពុង​អុកឡុក​ពិភព​ប្រដាល់​គុន​ខ្មែរ​​ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​កម្ពុជា​ចង់​ឃើញ​​អ្នក​លេង​គុន​ខ្មែរ​បំបាក់​កីឡាករ​ថៃ​ម្នាក់​នេះ ចាប់​តាំង​ពី​មក​ប្រកួត​នៅ​កម្ពុជា​ កាល​ពី​ឆ្នាំ​២០២២​ មក រូប​គេ​ប្រកួត​ចាញ់​ ២​ដង​​តែប៉ុណ្ណោះ​ ក្នុងនោះគឺ​ចាញ់ ព្រំ សំណាង ដោយ​សន្លប់​ និង​ចាញ់​ពិន្ទុ​ ធឿន ធារ៉ា ប៉ុន្តែ​រូប​គេ​​បាន​ផ្តួល ឡៅ ចន្ទ្រា ធន់ រិទ្ធី ឈឿង ល្វៃ ២​ដង និង​ស្មើ​ពិន្ទុជាមួយ ធឿន ធារ៉ា ​១​ដង៕

អត្ថបទដែលជាប់ទាក់ទង