អេមណាស់! ពេជ្រ ប៊ុនសិទ្ធ បានចែករំលែកប្រាក់ខ្លះពីការឈ្នះខ្សែក្រវាត់ ខារ៉ាបាវ ដល់មិត្តរួមក្លិប
អ្នកលេងគុនខ្មែរ ពេជ្រ ប៊ុនសិទ្ធ ដែលទើបតែឈ្នះខ្សែក្រវាត់ ខារ៉ាបាវ និងទទួលបានប្រាក់រង្វាន់ ៦ ពាន់ដុល្លារអាមេរិក បានចែកថវិកាខ្លះដល់មិត្តរួមក្លិបដែលនេះវប្បធម៌នៃការចែករំលែក និងជាគំរូល្អ ពេជ្រ ប៊ុនសិទ្ធ ជាសិស្សនៅក្លិបចលនាយុវជនកម្ពុជា ១៥៧ គុនខ្មែរ ដែលមានលោក ពេជ្រ សុផាន់ ជាគ្រូបង្ហាត់ ដោយកាលពីម្សិលមិញនេះ ម្ចាស់ខ្សែក្រវាត់ថ្មីថ្មោងបានចែកប្រាក់ផ្ទាល់ខ្លួនមួយចំនួនដល់មិត្តរួមក្លិបប្រហែលជា ២០នាក់ដែលក្នុងម្នាក់ៗទទួលបានខ្ទង់ ៣ម៉ឺនរៀល ដោយការចែករំលែកនេះក៏មិនខុសអីពីជើងខ្លាំងក្របីព្រៃ ពេជ្រ សម្បត្តិ ដែលបានចែកលុយដល់មិត្តរួមក្លិប បន្ទាប់ពីបានឈ្នះខ្សែក្រវាត់ខារ៉ាបាវ កាលពីឆ្នាំ២០២២ ផងដែរ។
ពិតណាស់ ក្រោយពីចំណាយពេលជាច្រើនសប្ដាហ៍ក្នុងកម្មវិធី ប្រដាល់គុនខ្មែរ «ម្ចាស់ជើងឯកខ្សែក្រវាត់ខារ៉ាបាវ» ដំរីយោលដៃ ពេជ្រ ប៊ុនសិទ្ធ បានសម្រេចបំណងប្រាថ្នារបស់ខ្លួនជាលើកដំបូងក្នុងអាជីពប្រដាល់ក្នុងការក្លាយជាម្ចាស់ខ្សែក្រវាត់ ខារ៉ាបាវ ហើយនេះក៏ជាជោគជ័យដ៏ធំរបស់លោកគ្រូ ពេជ្រ សុផាន់ ដែលមានកូនសិស្សឈ្នះខ្សែក្រវាត់ ២រដូវកាលជាប់ៗគ្នា គឺក្របីព្រៃ ពេជ្រ សម្បត្តិ បានឈ្នះរដូវកាលទី៨ ឆ្នាំ២០២២ និងដំរីយោលដៃ ពេជ្រ ប៊ុនសិទ្ធ បានឈ្នះរដូវកាលទី៩ ឆ្នាំ២០២៣ ក្រោយពីបានឃើញសកម្មភាពនៃការចែករំលែកជាថវិកាខ្លះពី ពេជ្រ ប៊ុនសិទ្ធ ដល់មិត្តរួមក្លិប មហាជននិងអ្នកគាំទ្ររបស់គាត់ បានកោតសរសើរដល់អ្នកលេងគុនខ្មែររូបនេះចំពោះទឹកចិត្តនៃការចែករំលែក។
គួរបញ្ជាក់ផងដែរថា អ្នកលេងគុនខ្មែរ ពេជ្រ ប៊ុនសិទ្ធ បានក្លាយជាម្ចាស់ជើងឯកខ្សែក្រវាត់ ខារ៉ាបាវ និងទទួលបានប្រាក់រង្វាន់ ៦ ពាន់ដុល្លារអាមេរិក កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ក្រោយពីបានផ្តួលកីឡាករថៃ ផេតផាកភូមិ ខួងក្រៀងក្រៃ ឲ្យសន្លប់ក្នុងទឹកទី៣៕