ក្លិបប្រដាល់ អេ ភូថង បានប្តូរឈ្មោះថ្មីហើយ ក្រោយទទួលបានការឧបត្ថម្ភធំពី ហ្គាឡាក់ស៊ីណាវ៉ាត្រា
ក្លិបប្រដាល់គុនខ្មែរ អេភូថង របស់លោកគ្រូ អេ ភូថង ត្រូវបានផ្ទេរទៅរួមរស់ជាមួយក្រុមហ៊ុន ហ្គាឡាក់ស៊ីណាវ៉ាត្រា របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាផ្លូវការហើយ បន្ទាប់ពីក្រុមហ៊ុនមួយនេះ បានសម្រេចចូលខ្លួនមកជួយឧបត្ថម្ភ ដើម្បីសម្រួលដល់ការលំបាកគ្រប់បែបយ៉ាងរបស់ប្តីប្រពន្ធ អេ ភូថង ដែលកំពុងជួបប្រទះ រហូតដាច់ចិត្តប្រកាសលក់ក្លិប ជាជម្រកឆ្នាំងបាយដ៏ធំរបស់ខ្លួននោះ ដោយលោកគ្រូ អេ ភូថង និងភរិយាអ្នកស្រី សាំង សុម៉ាលី ព្រមទាំងសិស្សនៅក្នុងក្លិបប្រដាល់គុនខ្មែរ អេ ភូថង បានបំពេញឯកសារមួយចំនួនរួចរាល់ហើយ ដែលត្រូវបានធ្វើឡើង នៅក្នុងជំនួបមួយ កាលពីព្រឹកថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ ក្រោមវត្តមានចូលរួមផ្ទាល់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាអគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ីណាវ៉ាត្រា។
ពិតណាស់ ក្រោយចូលរួមឧបត្ថម្ភ ដោយយកក្លិបប្រដាល់គុនខ្មែរ អេភូថង ទៅច្រកក្រោមក្រុមហ៊ុន Galaxy Navatra នេះ លោក ឡេង ណាវ៉ាត្រា នៅតែរក្សាអត្តសញ្ញាណកេរ្តិ៍ឈ្មោះរបស់លោកគ្រូ អេ ភូថង នៅដដែល ដោយលោកគ្រាន់តែច្របាច់បញ្ចូលឈ្មោះក្រុមហ៊ុន ហ្គាឡាក់ស៊ីណាវ៉ាត្រា និងឈ្មោះលោក អេ ភូថង ដើម្បីបង្កើតទៅជាក្លិបថ្មីមួយដែលមានឈ្មោះថា «ហ្គាឡាក់ស៊ីណាវ៉ាត្រាអេភូថងក្លិប» សម្រាប់ការចូលខ្លួន មករួមចំណែកជួយដល់ប្តីប្រពន្ធ អេ ភូថង នេះ លោក ឡេង ណាវ៉ាត្រា ក៏បានប្រកាសទទួលយកអ្នកហាត់គុន ឲ្យចូលរួមហ្វឹកហាត់ នៅក្នុងក្លិបថ្មីនេះផងដែរ ដោយលោកបានធានារ៉ាប់រងទៅលើការចំណាយគ្រប់បែបយ៉ាង ព្រមទាំងជួយរកអ្នកឧបត្ថម្ភ មកទ្រទ្រង់ដល់ក្លិប ដើម្បីរួមចំណែកលើកស្ទូយក្បាច់គុនប្រដាល់បុរាណខ្មែរ ឲ្យកាន់តែមានភាពល្បីល្បាញបន្ថែមមួយកម្រិតទៀត។
គួរបញ្ជាក់ផងដែរថា លោកគ្រូ អេ ភូថង ហាក់មិនទាន់ចង់ទម្លាយពីរឿងរ៉ាវលម្អិត ចំពោះកិច្ចសន្យា សម្រាប់ការផ្ទេរក្លិបទៅរួមរស់ជាមួយក្រុមហ៊ុន ហ្គាឡាក់ស៊ីណាវ៉ាត្រា នេះនៅឡើយទេ ប៉ុន្តែលោកបាននិយាយកាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះថា ក្លិបរបស់លោក ពិតជាត្រូវបានប្តូរឈ្មោះទៅជា «ហ្គាឡាក់ស៊ីណាវ៉ាត្រាអេភូថងក្លិប» ពិតប្រាកដមែន ចំណែកព័ត៌មានលម្អិតចំពោះការផ្ទេរក្លិបនេះ លោកសុំប្រាប់នៅពេលក្រោយ៕