ក្លិប​ប្រដាល់​គុន​ខ្មែរ​អាយុ​ ៣៦​ឆ្នាំ​នៅ​អាមេរិក​និងប្តូរទីតាំងថ្មីហើយ

ក្លិប​ប្រដាល់គុនខ្មែរនៅទីក្រុងឡុងប៊ិច សហរដ្ឋអាមេរិក ឈ្មោះ «មជ្ឈមណ្ឌល​ខ្មែរឃីកបុកស៊ីងឡុងប៊ិច» និង​ត្រូវ​ផ្លាស់​ប្តូរទៅ​កាន់​ទី​តាំង​ថ្មី បន្ទាប់ពី​បានបើក​ដំណើការ​អស់​រយៈ​ពេល​ ៣៦​ឆ្នាំ ដោយតាម​​ការ​ផ្សាយ​របស់​សារព័ត៌មានមួយ បានឲ្យដឹងថា ក្លិប​ប្រដាល់​គុន​ខ្មែរ​នេះ​ស្ថិត​នៅ Anaheim Street ដែល​មាន​អង្គការ Long Beach Rescue Mission ជា​ម្ចាស់ ហើយអង្គការ​ត្រូវ​ការ​ ទី​កន្លែង​​​ដើម្បី​ធ្វើ​ជា​ទី​ជម្រក​សម្រាប់​អ្នក​គ្មាន​ផ្ទះសម្បែង។

បើតាម​ការ​ឲ្យ​ដឹង​ពី​លោក រ៉ុន ស្មីត ម្ចាស់ក្លិប​ប្រដាល់​គុនខ្មែរ​មួយ​នេះ​ ​ថា ការ​ផ្លាស់​ប្តូរ​ទៅ​ទី​តាំង​ថ្មី​ប្រហែល​ជា​ថ្ងៃ​ទី១ ខែ​សីហាខាង​មុខ​នេះហើយ ដោយលោក​បាន​ហ្វឹក​ហាត់​ប្រដាល់​គុន​ខ្មែរ​តាម​រយៈ​លោកគ្រូ អ៊ុំ រី ដូច្នេះ​លោក​ចង់​ឲ្យ​មរតក​គុន​ខ្មែរ​បន្តគង់វង្សយូរ​អង្វែង។

ពិតណាស់ លោកគ្រូ អ៊ុំ រី បាន​ទៅ​ដល់​សហរដ្ឋ​អាមេរិក និង​បាន​រស់​នៅ​ទី​ក្រុង​ឡុងប៊ិច ដោយ​បាន​បើក​ក្លិប​ប្រដាល់​គុន​ខ្មែរ​មួយ​នេះ​ ដែល​បាន​ក្លាយ​ជា​សាលា​បង្ហាត់​ប្រដាល់ ​ឃីកបុក​ស៊ីង ​​​មាន​អាយុ​កាល​ចាស់​ជាង​គេ​បំផុត​របស់​ជន​ជាតិ​អាស៊ាន​នៅ​​​រដ្ឋកាលីហ្វ័រញ៉ា​ខាង​ត្បូង ហើយក្នុងរយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ «មជ្ឈមណ្ឌមខ្មែរឃីកបុកស៊ីងឡុងប៊ិច»​ បាន​បណ្តុះ​បណ្តាល​កីឡាករ កីឡាការិនី​ប្រដាល់គុន​ខ្មែរ និង​ឃីក​បុក​ស៊ីង​ជា​ច្រើន ​ដែល​បាន​ចេញ​ទៅប្រកួត​ទូទាំង​ពិភព​លោក​។

គួរបញ្ជាក់ផងដែរថា ក្លិប​នេះ​ត្រូវ​បាន​បង្កើត​ឡើងកាលពី​ឆ្នាំ​១៩៨៧​ ដោយ​លោក អ៊ុំ រី ដែល​ជាជើងឯក​គុន​ខ្មែរ​ម្នាក់​ ហើយកាលពីអាយុ​ ២៣​ឆ្នាំ លោក​បាន​ក្លាយ​ជា​ជើង​ឯក​ជាតិ​នៅ​ប្រទេស​កម្ពុជា និង​រយៈ​ពេល​ ១៥​ឆ្នាំ ​លោក​បាន​ចេញទៅ​ប្រកួត​ទូទាំង​តំបន់​អាស៊ាន ​ដែល​មាន​ស្ថិតិ​ប្រកួត​ឈ្នះ​ជាង ​២៥០​ដង កាលពីនៅ​ឆ្នាំ​១៩៧២ លោក​បាន​​ឈ្នះ​ជើង​ឯក​អន្តរជាតិ និង​​​​​មាន​ជីវិត​ពី​សម័យ​ខ្មែរ​ក្រហម​ឆ្នាំ​១៩៧៥​ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង