លន បញ្ញា ចាត់ទុកជើងខ្លាំងថៃ ហ្វ៊ុន លួង ជាកីឡាករលេងក្បាច់ និងពូកែបិទ
ម្ចាស់មេដាយមាសស៊ីហ្គេម លើកទី៣២ ឃីកបុកស៊ីង កីឡាករ លន បញ្ញា ចាត់ទុកកីឡាករចាស់វស្សាថៃ ហ្វ៊ុន លួង ជាកីឡាករលេងក្បាច់ និងពូកែបិទ ដែលពិបាកនិងចាក់ចូល ការស្ងោចសរសើរនេះ ក្រោយរូបគេបានយកឈ្នះអ្នកលេងឆ្លងដែនមកពីថៃ នៃប្រកួតមិត្តភាពអន្តរជាតិ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ នាសង្វៀនទូរទស្សន៍ជាតិកម្ពុជា។
យ៉ាងណាមិញ ក្រោយតស៊ូយ៉ាងស្វិតស្វាញនៅលើសង្វៀនពេញ ៥ទឹក ទីបំផុតអ្នកប្រដាល់ដែលមានដើមកំណើតមកពីខេត្តព្រៃវែង លន បញ្ញា បានយកឈ្នះជើងខ្លាំងថៃ ហ្វ៊ុន លួង ដោយពិន្ទុ ហើយកូនសិស្សរបស់លោកគ្រូ ធន់ សុភា រូបនេះ បានឲ្យដឹងថា ហ្វ៊ុន លួង ជាកីឡាកររឹង ការវាយរបស់គាត់ប្រយ័ត្នខ្ពស់ កាយសម្បទាគាត់ល្អ ទោះបីគាត់រាងចាស់បន្តិចក្ដី សម្រាប់ខ្ញុំសប្បាយចិត្តជាខ្លាំង ដែលបានយកឈ្នះជើងខ្លាំងថៃ (ហ្វ៊ុន លួង) គាត់មកខ្មែរច្រើនដងមកហើយ មានចាញ់មានឈ្នះ តែគាត់ចាញ់តិចជាងឈ្នះ ខ្ញុំពិតជារីករាយយ៉ាងខ្លាំង ដែលអាចយកឈ្នះគូប្រកួតដែលមានសមត្ថភាពល្អដូចជាគាត់។
ពិតណាស់ ក្រោយបញ្ចប់ការប្រកួតកីឡាករថៃ ហ្វ៊ុន លួង ក៏លើកសរសើរពីអ្នកប្រដាល់ចិត្តស៊ូ លន បញ្ញា ផងដែរថា បញ្ញា ជាកីឡាករក្មេងមានអាវុធធ្ងន់ ច្បាស់ក្នុងការប្រយុទ្ធ និងយល់យុទ្ធសាស្ត្រច្បាស់ ហើយគាត់ជាកីឡាករល្អគាត់ហ៊ានចេញអាវុធ មិនខ្លាច គាត់មានបច្ចេកទេសវាយ និយាយរួមគាត់ល្អច្រើន។
គួបញ្ជាក់ផងដែរថា កីឡាករគុនខ្មែរឡើងជើងថ្មី លន បញ្ញា មានវ័យទើបតែ ២៣ឆ្នាំប៉ុណ្ណោះ ខណៈកីឡាករជើងខ្លាំថៃ ហ្វ៊ុន លួង មានអាយុ ៣១ឆ្នាំទៅហើយ។ អ្នកទាំងពីរប្រកួតលើប្រភេទទម្ងន់៦៥គីឡូក្រាម ដែលជាគូមិត្តភាពអន្តរជាតិ៕