ពិតជាលឿមែន ក្លិបប្រដាល់គុនខ្មែរជើងឯកពិភពលោក របស់ឧកញ៉ា ស្រី ចាន់ថន កសាងជិត ១០០% ហើយ
នៅពេលនេះ ក្លិបប្រដាល់គុនខ្មែរជើងឯកពិភពលោក (Kun Khmer World Champion) របស់ឧកញ៉ា ស្រី ចាន់ថន កំពុងត្រូវបានគេកសាងរួចរាល់ប្រមាណជាង៨០% ហើយគេនិងគ្រោងបញ្ចប់នាពេលដ៏ខ្លីខាងមុខនេះ ដោយក្លិបប្រដាល់មួយនេះនិងក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលកីឡាប្រដាល់គុនខ្មែរដ៏ធំ និងកម្រិតស្តង់ដាជាងក្លិបផ្សេងៗនៅក្នុងប្រទេសកម្ពុជា ដោយសារមានកន្លែងជាច្រើនសម្រាប់ការអភិវឌ្ឍប្រដាល់គុនខ្មែរឲ្យរីកចម្រើនទាំងក្នុង និងក្រៅប្រទេស។
តាមការលើកឡើងរបស់លោកឧកញ៉ា ស្រី ចាន់ថន ថា សាលាក្បាច់គុននេះមានកន្លែងហ្វឹកហាត់ដែលបំពាក់ដោយសម្ភារទំនើបៗ និងគ្រប់គ្រាន់ដែលកសាងបានប្រមាណ៧០% ជាមួយគ្នានេះក៏មានកន្លែងស្នាក់នៅសម្រាប់កីឡាករ កីឡាការិនីមានចំនួន ១៥ បន្ទប់ត្រូវបានកសាងរួចរាល់ ក្រៅពីកន្លែងស្នាក់នៅ ក៏មានអាហារដ្ឋាន និងបន្ទប់ទឹកដែលត្រូវបានកសាងរួចរាល់ ទីកន្លែងភេសជ្ជៈ និងកាហ្វេ ព្រមទាំងហាងលក់សម្លៀកបំពាក់កីឡាត្រូវបានកសាងបានប្រមាណ៨០% ហើយក្នុងនោះក៏មានសួនច្បារ និងចំណតយានយន្ត ដែលធ្វើឲ្យក្លិបប្រដាល់គុនខ្មែរជើងឯកពិភពលោក កាន់តែមានភាពស្រស់ស្អាត ដែលនេះស្របតាមបែបផែនទេសចរណ៍កីឡាក្នុងការទាក់ទាញជនបរទេសឲ្យចូលមកប្រទេសកម្ពុជា និងហ្វឹកហាត់ប្រដាល់គុនខ្មែរ។
គួរបញ្ជាក់ថា សព្វថ្ងៃនេះ លោកឧកញ៉ា ស្រី ចាន់ថន ក៏កំពុងស្វះស្វែងរកគ្រូបង្វឹក កីឡាករ កីឡាការិនី និងដៃគូនានាទាំងក្នុង និងក្រៅប្រទេស ដើម្បីរៀបចំក្លិបឲ្យកាន់តែរឹងមាំសម្រាប់រៀបចំព្រឹត្តិការណ៍ប្រកួតអន្តរជាតិ ព្រមទាំងបញ្ជូនអត្តពលិកគុនខ្មែរទៅប្រកួតនៅក្រៅប្រទេសផងដែរ៕