កីឡាករ​បារាំង​-ខ្មែរ ចាន់ សីហា ប្រាប់មូលហេតុក្នុងការវិលមកកាន់សង្វៀនជាថ្មីវិញ

​អ្នក​ប្រដាល់បារាំង​-ខ្មែរ ចាន់ សីហា បាន​វិល​ត្រឡប់​មក​កាន់​សង្វៀន​ជា​ថ្មីហើយ បន្ទាប់​ពី​រូប​គេ​បាន​ខក​ខាន​ឡើង​សង្វៀនអស់រយៈ​ពេល​ប្រហែល​ជា ៦​ឆ្នាំ​ ពាក់​ព័ន្ធ​និង​ការ​វិល​ត្រឡប់​មក​កាន់​សង្វៀន​ជា​ថ្មី​នេះ រូប​គេ​បាន​បញ្ជាក់​ថា តម្លៃ​ខ្លួន​នៃ​ការ​ប្រកួត​គុន​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​នេះ​ប្រសើរ​ជាង​មុន។

កីឡាករបារាំង​-ខ្មែរ ចាន់ សីហា​ បាន​​និយាយថា៖ ការ​ប្រកួត​គុន​ខ្មែរ​ឥឡូវ​នេះ​ទទួល​បាន​តម្លៃ​ខ្លួន​ប្រសើរ​ជាង​មុន ម្យ៉ាង​ទៀត វា​ជា​​​កីឡាដែល​ខ្ញុំ​ចូល​ចិត្ត តែពិត​មែន​​ទៅ ខ្ញុំ​​ក៏​ត្រូវ​ការ​ចំណូល​ដើម្បីចិញ្ចឹម​គ្រួសាររបស់ខ្ញុំដែរ យើងឃើញ​ហើយថា​ មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ មាន​កីឡាករ​ចាស់​​ៗ​ជា​ច្រើន​បាន​វិល​មក​​ប្រកួត​វិញ​ ហើយខ្ញុំ​ពិត​ជា​ស្រឡាញ់​គុន​ខ្មែរ តែ​​ក៏​ត្រូវ​ការ​ចំណូលដើម្បី​​ផ្គត់ផ្គង់​គ្រួសារ យ៉ាង​ណាខ្ញុំ​ក៏​ទទួល​បាន​ការ​គាំទ្រ​ពី​ក្រុមគ្រួសារ​ដែល​ជំរុញ​ឲ្យ​ខ្ញុំ​វិល​​មក​កាន់​សង្វៀន​វិញ​ផងដែរ នៅក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ដែល​ខ្លួន​​បាន​ឃ្លាត​ឆ្ងាយ​ពី​សង្វៀន​ ក៏​ដោយសារ​មាន​គ្រួសារ និង​មាន​កូន​ស្រី​ពីរ​នាក់ ដូច្នេះខ្ញុំ​ចំណាយ​ពេល​វេលា​ដើម្បី​មើល​ថែ​ប្រពន្ធ​កូនរបស់ខ្ញុំ នេះហើយ​​ជា​ហេតុ​ធ្វើ​ឲ្យ​ផ្អាក​ពី​ប្រដាល់​ ទោះ​បី​ជា​យ៉ាង​ណា នៅ​ពេល​កូន​ស្រី​ជាទី​ស្រឡាញ់​ទាំង​ពីរ​​​អាយុ​​កាន់​តែ​ច្រើន​បាន​​ផ្តល់​ឱកាស​ឲ្យ​ខ្ញុំដក​ឃ្លាក​មក​ហ្វឹក​ហាត់​ប្រដាល់​ឡើង​វិញ។

គួបញ្ជាក់ថា កីឡាករ​ប្រដាល់​បារាំង​សញ្ជាតិ​ខ្មែរ ចាន់ សីហា និងត្រូវ​ជួប​កីឡាករ​ វៀតណាម ត្រាន មិញទ្រុង ​នា​ល្ងាច​ថ្ងៃ​អាទិត្យ ទី៩ ខែ​កក្កដា​ ឆ្នាំ២០២៣ នេះ​ នៅ​សង្វៀនបាយ័ន​ស្ទឹង​មាន​ជ័យ ហើយកីឡាករ​សញ្ជាតិ​ខ្មែររូបនេះ ​​ធ្លាប់​ប្រកួត​បាន ​២២​ដង ក្នុងនោះ​ឈ្នះ ​២០​ដង ចាញ់​ ២​ដង និង​ធ្លាប់ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ ៨​ដង ដោយការ​ប្រកួត​ចុង​ក្រោយ របស់គាត់​បាន​ឈ្នះ​កីឡាករ ម៉ានូ សិល្បៈ នៅទឹក​ទី​៥ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង