កត្តាជីវភាព និងការស្រឡាញ់គុនខ្មែរ ទើបជំរុញឲ្យលោកគ្រូ អេ ភូថង បង្វឹកកូនទាំង៣ ក្លាយជាអ្នកប្រដាល់អាជីពរហូតដល់សព្វថ្ងៃ
អាជីព និងខ្សែជីវិតរបស់ស្តេចប្រដាល់ខ្មែរ លោក អេភូថង ព្រោះតែ កត្តាអាយុច្រើន និងមិនសូវមានទីផ្សារប្រកួតក្នុងស្រុកផងនោះ ទើបបណ្តាលឲ្យអតីតប្រធានក្លិបប្រដាល់គុនខ្មែរ អេ ភូថង រូបនេះ ចូលនិវត្តន៌ពីអាជីពអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែលោកក៏បានសម្រេចចិត្តបង្ហាត់ចំណេះដឹងផ្នែកប្រដាល់ទៅកូនៗរបស់លោកទាំង ៣ ដើម្បីប្រឡូកក្នុងសង្វៀនវិញ និងអាចរកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់គ្រួសារផងដែរ។
អតីតកីឡាករ កែងឆេះ ជង្គង់ហោះ អេ ភូថង រួមជាមួយភរិយាលោកស្រី សាំង សុម៉ាលី មានកូនប្រុសស្រីចំនួន ៣នាក់ រួមមានកីឡាការិនី អេ ព្រីយ៉ានុត ភូថង, អេ វីរៈខាំឈីត ភូថង និង អេ អាំម៉ារិន ភូថង ហើយសុទ្ធសឹងតែជាអ្នកប្រដាល់ ដែលមានសមត្ថភាពថែមទៀត។
លោក អេ ភូថង បាននិយាយ អំពីកត្ដា ៣យ៉ាងដែលជំរុញឲ្យកូនៗទាំង ៣នាក់នេះ ឈានជើងចូលក្នុងវិស័យកីឡាប្រដាល់គុនខ្មែរ “ខ្ញុំនិយាយការពិត កាលនោះ គឺដោយសារភាពក្រីក្ររបស់យើងទេ ពេលដែលខ្ញុំ វាយខ្លាំង ពេលខ្ញុំដាច់គូវាយទៅ ខ្ញុំដូចជាអត់មានអីសោះ ពេលនោះកូនៗទាំង ៣ក៏ធំល្មម ខ្ញុំក៏ចាប់ផ្ដើមបង្វឹកឲ្យដើរប្រកួត ដើម្បីជីវភាព និយាយរួមទៅ ខ្ញុំមិនសូវចង់ឲ្យកូនចេញប្រកួតទេ ប៉ុន្ដែដោយសារជីវភាព វាអត់ ហើយកាលនោះក៏នៅបង្ហាត់សិស្សដែរ ហើយបង្ហាត់កូនខ្លួនឯង ដើម្បីជីវភាព ហើយវង់ត្រកូលភូថង សុទ្ធតែជាអ្នកប្រដាល់ ខ្ញុំស្រឡាញ់គុនខ្មែរតាំងពីតូច ការស្រឡាញ់នេះ គឺមិនមែនតែរូបខ្ញុំទេ ប៉ុន្ដែ វង្សត្រកូលភូថង ទាំងអស់សុទ្ធតែជាអ្នកស្រឡាញ់គុនខ្មែរ ខ្ញុំមិនចង់ឲ្យបាត់បង់ក្បាច់គុនបុរាណខ្មែរនោះទេ។
គួរបញ្ជាក់ផងដែរថា លោក អេ ភូថង ធ្លាប់ឡើងប្រកួត ចាប់ពីឆ្នាំ១៩៩០ ដោយចេញប្រកួតដំបូងលើប្រភេទទម្ងន់ ៥៤គីឡូក្រាម ក្រោមការដឹកនាំ និងបង្វឹកពីលោកព្រឹទ្ធាចារ្យ សាយយុទ្ធ ភូថង ជាឪពុកមា និងជាគ្រូបង្វឹកប្រដាល់គុនខ្មែរក្នុងក្លិបមួយនៅខេត្តព្រៃវែង ប៉ុន្ដែចូលមកដល់ឆ្នាំ២០០០-២០១២ ព្រោះតែភាពខ្លាំងរបស់ខ្លួន បានធ្វើឲ្យលោកគ្រូ អេ ភូថង មិនមានគូប្រកួតក្នុងស្រុកទេ ដែលជាហេតុធ្វើឲ្យរូបលោក រកបានចំណូលតិចតួចពីអាជីពជាកីឡាករប្រដាល់នេះ ដោយការប្រកួតអន្ដរជាតិ ក៏មិនសូវជាសម្បូរប៉ុន្មានដែរ ដូច្នេះគាត់ក៏សម្រេចបង្វឹកកូនៗ ឲ្យឡើងប្រកួត ដើម្បីរកប្រាក់ចំណូលបន្ថែម ហើយកូនទាំង ៣ របស់ អេ ភូថង ក៏មានឆន្ទៈ និងស្រឡាញ់វិស័យកីឡាប្រដាល់គុនខ្មែរ ដោយខ្លួនចង់ស្នងដំណែងពីឪពុក ដែលជាកីឡាករប្រដាល់ មានកេរ្ត៍ឈ្មោះល្បី ក្នុងប្រទេសកម្ពុជាផងដែរ៕