WOW! ព្រំ សំណាង កែប្រែជីវិតយ៉ាងឆាប់រហ័សក្នុងឆ្នាំ២០២៣ នេះ
អ្នកប្រដាល់គុនខ្មែរ ព្រំ សំណាង បានកែប្រែជីវិតយ៉ាងឆាប់រហ័សនៅក្នុងពាក់កណ្តាលឆ្នាំ២០២៣ នេះ បន្ទាប់ពីរូបគេទទួលបានជោគជ័យលើសង្វៀនទាំងក្នុង និងក្រៅបរទេស ហើយជាងកាត់សក់ដៃឯក ព្រំ សំណាង បានប្រឡូកប្រដាល់គុនខ្មែរ រយៈពេលជិត ១៥ឆ្នាំហើយ ដោយបានក្លាយជាកីឡាករវ័យជ្រេម្នាក់ក្នុងចំណោមកីឡាករវ័យចំណាស់តិចតូចកំពុងប្រកបអាជីពប្រដាល់សព្វថ្ងៃ គិតមកដល់ពេលនេះ ព្រំ សំណាង ធ្លាប់ឡើងសង្វៀនជិត ២០០ដងហើយ ក្នុងនោះឈ្នះប្រហែលជា ១៥០ដង និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់ ៧៣ដង ហើយក៏ធ្លាប់ចាញ់ប្រហែលជា ១០ដងប៉ុណ្ណោះ។
យ៉ាងណាមិញ គិតចាប់តាំងពីខែមិថុនា ឆ្នាំ២០១៩ ព្រំ សំណាង បានឡើងប្រកួតចំនួន ២៩ដង គឺឈ្នះ ២៨ដង និងស្មើ១ដង ហើយមិនដែលចាញ់សោះ នៅក្នុងឆ្នាំ២០២២ និង២០២៣ ជាពេលវេលាដែលកីឡាករមានដើមកំណើតនៅខេត្តកំពង់ស្ពឺរូបនេះ ទទួលបានជោគជ័យបំផុតក្នុងអាជីព ហើយបានកំពុងកែប្រែជីវភាពរស់នៅខ្វះមុខខ្វះក្រោយ ដោយក្លាយជាកីឡាករប្រដាល់ដែលមានជីវភាពធូរធារ។
ពិតណាស់ កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ព្រំ សំណាង បានឈ្នះខ្សែក្រវាត់អន្តរជាតិ Thai Fight បន្ទាប់ពីផ្តួលកីឡាករអង់គ្លេស Thomas Carpenter ក្នុងទឹកទី១ នៅប្រទេសថៃ បន្ទាប់មកនៅខែមេសា រូបគេបានប្រកួតឈ្នះកីឡាករថៃ Sudsakorn Sor Klinmee ដោយពិន្ទុ ដើម្បីទទួលបានខ្សែក្រវាត់គ្រុឌ ហើយអ្នកលេងគុនខ្មែររូបនេះក៏បានឈ្នះមេដាយមាសកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា បន្ទាប់ពីប្រកួតឈ្នះកីឡាករមីយ៉ាន់ម៉ា Tun Tun Min នៅវគ្គផ្តាច់ព្រ័ត្រកាលពីខែឧសភា ឆ្នាំ២០២៣។
គួរបញ្ជាក់ផងដែរថា ព្រំ សំណាង ដែលមានអាយុ ៣៦ឆ្នាំមានដើមកំណើតនៅភូមិ ក្រាំងចេក ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយគាត់កំពុងកាន់ខ្សែក្រវាត់អន្តរជាតិ ២គ្រឿង មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ មេដាយមាសថ្នាក់ជាតិជាច្រើនគ្រឿង និងមេដាយសំរិទ្ធស៊ីហ្គេម ឆ្នាំ២០២១៕