ពេលនេះ សុខ ធី មិនទាន់បានមក​ខ្មែរទេ ពីព្រោះមិនទាន់បានតម្លៃខ្លួនប្រកួតនៅថៃ

ពេលនេះកីឡាករ​ប្រដាល់​គុន​ខ្មែរ សុខ ធី ហៅ កាកា នៅ​មិន​ទាន់ធ្វើ​ដំណើរ​មកប្រទេស​កម្ពុជា​នៅឡើយទេ ដោយសាររូបគេ​មិន​ទាន់​ទទួល​បាន​ប្រាក់​តម្លៃ​ខ្លួន​ ពីការប្រកួត​ឈ្នះ​កីឡាករ​ថៃ ផេតវិឆៃ នៅ​សង្វៀន Stool Super Fight 2 កាល​ពី​សប្តាហ៍​មុន បើតាម​ការ​គ្រោង​ទុក សុខ ធី និង​ធ្វើ​ដំណើរ​មកប្រទេស​កម្ពុជា បន្ទាប់​ពី​ប្រកួតជា​មួយ​កីឡាករ​ថៃ ផេតវិឆៃ ​នៅ​ថ្ងៃ​ទី​៥ ខែ​កក្កដា ឆ្នាំ​២០២៣ ​ដើម្បី​ពិភាក្សា​ជា​មួយ​ឧកញ៉ា​ ស្រី ចាន់ថន ពី​គម្រោងរស់​នៅ​ និង​ប្រកប​អាជីព​ប្រដាល់​នៅ​ប្រទេស​កម្ពុជា។

សុខ ធី បាននិយាយ​ថា៖ ខ្ញុំកំពុងរង់ចាំតែតម្លៃខ្លួន​ដែលវ៉ៃកាលពីថ្ងៃពុធ នៅថៃសិន ពេលបានលុយរួច ខ្ញុំនិងរៀបចំខោអាវ យកប្រពន្ធ និងកូន​ ទៅ​ទឹកដីកម្ពុជា ដើម្បីទៅជួបជាមួយឧកញ៉ា ស្រី ចាន់ថន។

ពិតណាស់ គម្រោង​ដែលជួប​ជា​មួយ​ឧកញ៉ា ស្រី ចាន់ថន កើត​ឡើង បន្ទាប់​ពី​អាជីព​ប្រដាល់​របស់​ខ្លួន​នៅប្រទេស​ថៃ​មិន​ដំណើរ​ការ​ល្អ​​ ដោយសារ​មិន​ត្រូវ​បាន​ចាប់​​​ឲ្យ​រូបគេ​ឡើង​ប្រកួត​​ ដែល​ធ្វើ​ឲ្យ​បាត់​ចំណូល​ក្នុង​ការ​ចិញ្ចឹម​ប្រពន្ធ និង​កូន ដូច្នេះ​ហើយទើប សុខ ធី ​ចង់​​មក​ប្រកប​អាជីព​នៅ​ប្រទេស​កំណើត​ក្រែង​បាន​ប្រកួត​ញឹក​ញាប់ ​​ដែល​អាច​រក​ចំណូល​បាន​ចិញ្ចឹម​គ្រួសារ និងជាពិសេស ដើម្បី​នាំ​ប្រពន្ធជា​ជន​ជាតិ​ថៃ និង​កូន​ប្រុស​អាយុ​ជាង​ ២​ឆ្នាំ​មក​រស់​នៅ​ប្រទេស​កម្ពុជា​តែ​ម្តង។ ​

គួរបញ្ជាក់ផងដែរថា រឿង​រ៉ាវ​របស់​ សុខ ធី ដែល​មិន​បាន​ឡើង​ប្រកួត​ញឹក​ញាប់ ​​បាន​កើត​មាន​ឡើង បន្ទាប់​ពី​កីឡា​ប្រដាល់​គុន​ខ្មែរ​ ត្រូវ​បាន​ដាក់​បញ្ចូល​ជា​ផ្លូវ​ការ​ក្នុង​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ដែល​ប្រទេស​កម្ពុជា​​ ធ្វើជាម្ចាស់​ផ្ទះ ហើយប្រសិន​បើ​​កីឡាករ​ខ្មែរ​រូបនេះ​ឡើង​ប្រកួតទាល់​តែ​ប្រើ Muay Thai ​គឺ​មិន​តំណាងឲ្យ​គុន​ខ្មែរ​នោះទេ ប៉ុន្តែ​ សុខ ធី មិន​ព្រម ទើបរូបគេមិនបានឡើងប្រកួត​ញឹក​ញាប់៕

អត្ថបទដែលជាប់ទាក់ទង