អស្ចារ្យ! លោក ពក អៀង បើកក្លិបគុនល្បុក្កតោដើម្បីបន្តកេរដំណែលពីដូនតា

សាលាគុនល្បុក្កតោស្រីជ័យដំរីសាមពាន់ បានចាប់កំណើតនៅឆ្នាំ២០១៨ ដែលស្ថិតនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដោយបច្ចុប្បន្នក្លិបកីឡាប្រពៃណីមួយនេះទទួលបានសិស្សមកហាត់ជារៀងរាល់ថ្ងៃមានចំនួន ២៩នាក់ ដែលស្ថិតក្រោមការបង្ហាត់បង្រៀនដោយគ្រូល្បុក្កតោមានរហស្សនាមថា «3 Brother Bokator»។
លោក ពក អៀង ជាប្រធានក្លិបកីឡាគុនល្បុក្កតោស្រីជ័យដំរីសាមពាន់ និងជាគ្រូបង្វឹកផ្ទាល់ បានលើកឡើងថា ការបង្ហាត់បង្រៀនជូនយុវជនជំនាន់ក្រោយ គឺជាគោលបំណងធំរបស់លោក ព្រោះលោកចង់ឲ្យកីឡាគុនល្បុក្កតោមានអ្នកស្នងបន្ត ដោយការហាត់គុនល្បុក្កតោជួយថែរក្សាវប្បធម៌ និងរក្សាសិល្បៈក្បាច់គុនរបស់ដូនតាយើងដែលលោកបានបន្សល់ទុក ហើយលោកគ្រូបង្វឹកគុនល្បុក្កតោដំណែងក្រមាខ្មៅបន្តថា ការបើកបង្ហាត់នេះទៀតសោតក៏ចង់បណ្តុះបណ្តាលយុវជនជំនាន់ក្រោយឲ្យងាកមកចាប់អារម្មណ៍និងកីឡាប្រពៃណីជាតិរបស់ខ្លួនផងដែរ។
លោក ពក អៀង បាននិយាយទៀតថា៖ ខ្ញុំក៏សង្ឃឹមថាយុវជនយើងជំនាន់ក្រោយនិងងាកមកលេងកីឡាឲ្យបានច្រើនមិនថាកីឡាអ្វីនោះទេ ឲ្យតែយើងពេញចិត្ត និងស្រឡាញ់ចាប់ផ្តើមចូលលេង វានិងនាំឲ្យយើងមានសុខភាពល្អ ពិសេសគុនល្បុក្កតោហាត់ហើយអាចការពារខ្លួនបានទៀតផង។

គួរបញ្ជាក់ផងដែរថា ប្រធានក្លិបគុនល្បុក្កតោស្រីជ័យដំរីសាមពាន់ លោក ពក អៀង បានបើកក្លិបគុនល្បុក្កតោនៅខេត្តសៀមរាប ក្នុងគោលបំណងថែរក្សាកេរដំណែលដូនតា និងចង់ឲ្យយុវជនជំនាន់ក្រោយស្គាល់ពីតម្លៃនៃកីឡាគុនល្បុក្កតោ លើសពីនេះលោក ពក អៀង មានចេតនាចូលរួមផ្សព្វផ្សាយគុនដូនតានេះកាន់តែសុសសាយ៕​

អត្ថបទដែលជាប់ទាក់ទង