ស្ថាបនិកគុនខ្មែរនៅរុស្ស៊ី ឆ្ងល់ថា ហេតុអ្វីយកកីឡាកររុស្ស៊ីពីសហព័ន្ធមួយថៃ មកប្រកួតនៅស្រុកខ្មែរ
លោក Oleg Kudrinsky នាយក និងស្ថាបនិកសហព័ន្ធកីឡាប្រដាល់គុនខ្មែរនៅប្រទេសរុស្ស៊ី បានឆ្ងល់ពីអ្នករៀបចំកម្មវិធីប្រដាល់នៅប្រទេសកម្ពុជា ហេតុអ្វីបានជ្រើសរើសយកកីឡាកររុស្ស៊ីពីសហព័ន្ធកីឡាប្រដាល់មួយថៃ មកប្រកួតនៅប្រទេសកម្ពុជា ស្របពេលនៅប្រទេសរុស្ស៊ីក៏មានសហព័ន្ធកីឡាប្រដាល់គុនខ្មែរដែរ។
ពិតណាស់ ការលើកជាចម្ងល់របស់លោក Oleg Kudrinsky បានកើតមានឡើងនៅពេលឃើញកម្មវិធីប្រដាល់របស់ទូរទស្សន៍ថោន បានយកកីឡាកររុស្ស៊ីដែលមានមេដាយច្រើនមកប្រកួតជាមួយកីឡាករវ័យក្មេង អេ អាំម៉ារីន ភូថង ដែលគ្រោងធ្វើលើនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
ស្ថាបនិកសហព័ន្ធប្រដាល់គុនខ្មែរប្រចាំនៅប្រទេសរុស្ស៊ី បានលើកឡើងថា៖ ឆ្ងល់! យើងខ្ញុំជាតំណាងផ្លូវការឲ្យកីឡាប្រដាល់គុនខ្មែរនៅប្រទេសរុស្ស៊ី គឺសហព័ន្ធកីឡាគុនខ្មែររុស្ស៊ី ចុះហេតុអ្វីបានជាអ្នករៀបចំកម្មវិធីប្រកួតនៅកម្ពុជាជ្រើសរើសយកកីឡាករមកពីសហព័ន្ធកីឡាមួយថៃនៅរុស្ស៊ី (IFMA) ទៅប្រកួតវិញ មិនទាក់ទងយើងខ្ញុំ ហើយក៏មិនជ្រើសរើសកីឡាករពីសហព័ន្ធកីឡាគុនខ្មែរប្រចាំនៅប្រទេសរុស្ស៊ី ឬកម្ពុជាមិនចង់អភិវឌ្ឍគុនខ្មែរនៅរុស្ស៊ី នរណាឆ្លើយសំនួរខ្ញុំបាន? កីឡាករនេះមិនមែនជាសមាជិកនៅស្ថាប័នរបស់យើងខ្ញុំទេ។
គួរបញ្ជាក់ថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរប្រចាំនៅប្រទេសរុស្ស៊ីត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៨ ដោយមានលោក Pavel Arais ជាប្រធាន លោក Oleg Kudrinsky ជានាយក និងជាស្ថាបនិក ព្រមទាំងលោក Sergey Babayan ជាអនុប្រធាន ព្រមទាំងមានក្លិបជាច្រើនជាសមាជិក សព្វថ្ងៃមានកីឡាករ កីឡាការិនីជាច្រើនកំពុងហ្វឹកហាត់ និងបានចេញប្រកួតជាបន្តបន្ទាប់នៅប្រទេសរុស្ស៊ី៕