ប្រធានក្រុមជម្រើសជាតិនារីកម្ពុជា បាននិយាយអ្វីខ្លះក្រោយបញ្ចប់ភារកិច្ចនៅប្រទេសឥណ្ឌូនេសុី
ក្រុមជម្រើសជាតិនារីកម្ពុជា បានបញ្ចប់ភារកិច្ចក្នុងការប្រកួតពានរង្វាន់ AFF U-19 Women’s Championship នៅប្រទេសឥណ្ឌូនេសុី ដោយទទួលលទ្ធផលឈ្នះ ២ នឹងចាញ់ុ ១ប្រកួត ចំណែកឯកីឡាការិនីរបស់ក្រុមកម្ពុជា មួយរូបបានបង្ហាញទស្សនៈថាវិស័យបាល់ទាត់នារីកម្ពុជា បានរីកចម្រើនច្រើនបើប្រៀបធៀបពីពេលមុន ។
កីឡាការិនី សំរិទ្ធ និមល បានផ្តល់កិច្ចសម្ភាសន៍ជាមួយនឹងសារព័ត៌មានមួយថា សមាជិកក្រុមទាំងអស់បានប្រឹងប្រែងអស់ពីសម្ថភាពហើយនៅក្នុងព្រឹត្តិការណ៍ AFF U-19 មួយនេះ ហើយពួកយើងពិតជាសោកស្តាយខ្លាំងណាស់ដោយមិនអាចជួយឲ្យក្រុមកម្ពុជា ឡើងទៅវគ្គបន្តបាន ប្រធានក្រុមរូបនេះបានសម្លឹងឃើញថាកូនក្រុមរបស់ខ្លួនម្នាក់ៗមានឆន្ទៈក្នុងការប្រកួតមានទំនុកចិត្តលើខ្លួនឯងនឹងទម្រង់លេងមានការអភិវឌ្ឍន៍ជាងមុន គាត់បានបន្ថែមទៀតថា យើងធ្លាប់មានសម្ពាធនៅពេលដែលប៉ះជាមួយក្រុមខ្លាំង ប៉ុន្ដែពេលនេះក្រុមខ្លួនមិនសូវមានបញ្ហាខ្លាំងឡើយសម្រាប់រឿងនេះព្រោះពេលជួបក្រុមកាន់តែខ្លាំង ការប្រមូលអារម្មណ៍របស់ពួកយើងក៏កាន់តែខ្លាំងជាងមុនដូចគ្នា ។
គួរបញ្ជាក់ផងដែរថា ក្នុងបេសកកម្មនេះ ក្រុមនារីអាយុក្រោម ១៩ឆ្នាំ របស់កម្ពុជា បានឈ្នះ ២ប្រកួត គឺយកឈ្នះ ឡាវ ២-១ កាលពីថ្ងៃទី៥ ខែកក្កដា និងឈ្នះទីម័រខាងកើត លទ្ធផល ១-០ នៅថ្ងៃទី៧ ខែកក្កដា ប៉ុន្ដែ កម្ពុជា ត្រូវបានម្ចាស់ផ្ទះ ក្រុមនារីឥណ្ឌូណេស៊ី លត់ក្នុងលទ្ធផល ៥-០ នៅថ្ងៃទី៩ ខែកក្កដា ដែលធ្វើឲ្យក្រុមកម្ពុជា មិនអាចក្លាយជាក្រុមលេខ ២ល្អបំផុត ៕