គូសងសឹក កម្ពុជា-ថៃ ដែលអ្នកគាំទ្ររង់ចាំអស់រយៈពេល ១០ ឆ្នាំមកហើយ
អ្នកប្រដាល់គុនខ្មែរ រឿង សោភ័ណ្ឌ ត្រូវជួបតទល់និងអ្នកប្រដាល់ថៃ ឆាងភឿក ចេស្ដា ដែលរង់ចាំអស់រយៈពេល ១០ឆ្នាំមកហើយ នៅសង្វៀន តេជោសន្តិភាព គុនខ្មែរ វើលឆេមពាន (Techo Santepheap Kun Khmer World Champion) នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៣ នៅស្ថានីយទូរទស្សន៍ថោន។
ពិតណាស់ មុនការប្រកួតមកដល់ អ្នកលេងកណ្តាប់ដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ បាននិយាយថា៖ “ខ្ញុំនិងបញ្ចេញឲ្យអស់ពីសមត្ថភាព ហើយសូមឲ្យកីឡាករថៃបញ្ចេញឲ្យអស់ពីសមត្ថភាពដូចគ្នា បើមានឱកាសផ្ដួលគូប្រកួត ខ្ញុំនិងផ្ដួល តែបើអត់មានឱកាសខ្ញុំវ៉ៃតាមធម្មតា”។
យ៉ាងណាមិញ មុនប៉ះចេស្ដា នៅពេលនេះ រឿង សោភ័ណ្ឌ ឡើងដៃខ្លាំងមែនទែន ដោយឈ្នះអ្នកប្រដាល់អ៊ីតាលី កាលពីថ្ងៃទី២ ខែកក្កដា បន្ទាប់ពីឈ្នះមេដាយមាសស៊ីហ្គេម ជូនជាតិកាលពីខែឧសភារួចមក ចំណែក ឆាងភឿក ចេស្ដា ក៏មិនធម្មតាដែរ ដោយកីឡាករថៃរូបនេះ ជាអ្នកប្រដាល់ធន់ខ្លាំង និងមានបទពិសោធប្រកួតនៅទឹកដីកម្ពុជាជាច្រើនលើកច្រើនសារ ហើយប៉ះជើងខ្លាំងជាច្រើន ដូចជា កែវ រំចង់ ឡៅ ចន្ទា្រ និង ពេជ្រ សីហា ជាដើម។
គួរបញ្ជាក់ផងដែរថា កីឡាករទាំង ២នាក់នេះ ធ្លាប់ជួបគ្នាកាលពី ១០ ឆ្នាំមុន ដោយអ្នកលេងដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ ចាញ់ដោយសាររងរបួសដៃ បន្ទាប់ពីការកាច់ផ្ដួលពីកីឡករថៃ ឆាងភឿក ចេស្ដា ហើយនេះជាជំនួបសងសឹកដ៏គួរឲ្យចាប់អារម្មណ៍ ដែលអ្នកគាំទ្រគុនខ្មែរទន្ទឹងរង់ចាំអស់រយៈពេលជាយូរ៕