WOW! ធឿន ធារ៉ា និង ព្រំ សំណាង យប់មិញម្នាក់ៗ បានលុយជិត ៣០លានរៀល
អ្នកលេងគុនខ្មែរ ព្រំ សំណាង និង ធឿន ធារ៉ា ទទួលបានប្រាក់ឧបត្ថម្ភជិត ៣០លានរៀលដូចគ្នា ពីព្រឹត្តិការណ៍ប្រកួតជើងឯកគុនខ្មែរពិភពលោក«តេសជោ សន្តិភាព»កាលពីយប់ថ្ងៃអាទិត្យ ទី១៦ ខែកក្កដា ឆ្នាំ២០២៣ នៅសង្វៀនថោន។
ពិតណាស់ ព្រំ សំណាង បានប្រកួតឈ្នះកីឡាករបេឡារុស្ស Nikita Gerasimvich ដោយពិន្ទុ បន្ទាប់ពីបានតស៊ូគ្នា ៣ទឹកពេញ ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់គុនខ្មែរពិភពលោក តេជោសន្តិភាព សម្រាប់ជ័យជម្នះនេះ រូបគេទទួលបានប្រាក់ឧបត្ថម្ភតម្លៃខ្សែក្រវាត់ចំនួន ២០លានរៀល ហើយលោក វ៉ា សុធា បានឧត្ថម្ភដល់ ព្រំ សំណាង ចំនួន ២លានរៀល លោក ឈឹម សារ៉េត ទីប្រឹក្សាសម្តេជោ ហ៊ុន សែន បានឧបត្ថម្ភ ៤លានរៀល លោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីឧបត្ថម្ភ ១លានរៀល និង ម្ចាស់មន្ទីរពេទ្យមួយកន្លែងបានឧបត្ដម្ភ ១លានរៀលផងដែរ។
ចំណែកអ្នកលេងពូថៅដៃ ធឿន ធារ៉ា វិញ មកម្តងនេះរៀងកាច់បន្តិច បានប្រើពេលយ៉ាងឆាប់រហ័សក្នុងការផ្តួលកីឡាករ អេឡិច ប៊ូប៊ែល ឲ្យអាជ្ញាកណ្តាលបញ្ឈប់ក្នុងទឹកទី១ បន្ទាប់ពីវាយក្បាលពោះឲ្យអាជ្ញាកណ្តាលរាប់ពីរដង និងលើកទី ៣បញ្ឈប់ការប្រកួតតែម្តង ហើយសម្រាប់ជ័យជម្នះនេះ ធឿន ធារ៉ា ក៏ទទួលបានខ្សែក្រវាត់គុនខ្មែរពិភពលោក តេជោសន្តិភាព អមដោយប្រាក់រង្វាន់ ២០លានរៀល ជាមួយគ្នានេះផងដែរ លោក វ៉ា សុធា បានឧត្ថម្ភចំនួន ២លានរៀល លោក ឈឹម សារ៉េត ទីប្រឹក្សាសម្តេជោ ហ៊ុន សែន បានឧបត្ថម្ ភ៤លានរៀល លោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីឧបត្ថម្ភ ២លានរៀល និង ម្ចាស់មន្ទីរពេទ្យមួយកន្លែងឧបត្ដម្ភ ១លានរៀល។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីការឈ្នះខ្សែក្រវាត់ តេសជោសន្តិភាព កាលពីយប់មិញ នេះក៏ជាខ្សែក្រវាត់ទី៤ របស់ ព្រំ សំណាង ហើយ គឺខ្សែក្រវាត់គុនខ្មែរអន្តរជាតិ ខ្សែក្រវាត់ថៃហ្វៃអន្តរជាតិ និងខ្សែក្រវាត់គ្រុដគុនខ្មែរអន្តរជាតិ ហើយ ធឿន ធារ៉ា ក៏កំពុងគ្រប់គ្រងខ្សែក្រវាត់អន្តរជាតិ ៤គ្រឿងដូចគ្នាដែរ គឺខ្សែក្រវាត់គុនខ្មែរអន្តរជាតិតេជោសន្តិភាព ខ្សែក្រវាត់គ្រុឌគុនខ្មែរអន្តរជាតិ ខ្សែក្រវាត់គុនខ្មែរពិភពលោក IPCC និងខ្សែក្រវាត់ថៃហ្វៃអន្តរជាតិ៕