អ្នក​ប្រដាល់គុនខ្មែរ សុខ ធី បានបញ្ជាក់ជុំវិញ​​ការនាំប្រពន្ធកូនមករស់នៅស្រុកខ្មែរ

អ្នក​ប្រដាល់​គុន​ខ្មែរ សុខ ធី ​ហៅ កាកា បាន​នាំ​ប្រពន្ធ និង​កូន​ប្រុស​អាយុ​ប្រហែល​​ជាង​ ២​ឆ្នាំ​មក​រស់​នៅ​ប្រទេស​កម្ពុជា​ បន្ទាប់​ពី​ការ​រស់​នៅ​ប្រទេស​ថៃ​ធ្វើ​ឲ្យ​រូប​គេ​មិន​សូវ​បាន​ឡើង​ប្រកួត​ញឹក​ញាប់ ដោយអ្នកប្រដាល់ សុខ ធី បាននិយាយថា៖ “បាទ ពេល​នេះ ខ្ញុំ និង​ប្រពន្ធ​កូន​មក​រស់​នៅ​ស្រុក​ខ្មែរ​ហើយ គ្រួសារ​ខ្ញុំ​អាច​រស់​នៅ​​កម្ពុជា​យូរ​អង្វែង”។

ពិតណាស់ ដោយសារ​ការ​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​សូវ​មាន​អ្នក​និយាយ​ភាសា​ថៃ​ច្រើន​ដែល​ជា​កត្តា​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ដល់​ភរិយា​របស់​ខ្លួន ប៉ុន្តែប្រពន្ធ​ខ្ញុំ​បាន​និយាយ​ថា៖ “អត់​អី​ទេ អាច​រស់​នៅ​ខ្មែរ​បាន​ ​គ្រាន់​តែ​គាត់​ពិបាក​បន្តិច​ដោយសារ​អត់​មាន​អ្នក​និយាយ​ថៃ​ជា​មួយ​គាត់ មាន​តែ​ខ្ញុំ​និយាយ​ថៃ​ជា​មួយ​គាត់ប៉ុណ្ណោះ”។

យ៉ាងណាមិញ បន្ទាប់​ពី​​មក​ស្នាក់​នៅ​ប្រទេស​កម្ពុជា​ បាន​ប៉ុន្មាន​ថ្ងៃ សុខ ធី ​ប្រកាស​ពី​ការ​ចង់​ឡើង​សង្វៀន​ដែល​អាច​ជួប​ជើង​ខ្លាំងគុន​ខ្មែរ​លំដាប់​ទម្ងន់​ ៦០​គីឡូក្រាម ហើយកាលពីម្សិលនិញ​នេះ អ្នក​លេង​ចិត្ត​សឿង អេលីត សាន់ បានបង្ហោះ​សារ​ចង់​សាក​​ក្បាច់​គុន​ជា​មួយ​រៀម​ច្បង សុខ ធី ខណៈ​លោក ស៊ន អេលីត ជា​គ្រូ​បង្វឹកក៏​សង្ឃឹម​គូ​នេះ​ជួប​គ្នា​ឆាប់ៗ ស្រប​ពេល​ជា​មួយ​គ្នា​នេះ លោក​គ្រូ​ ពេជ្រ សុផាន់ ហាក់​ដូច​ជា​ចង់​ឲ្យ​​ជួប​កូន​សិស្ស​របស់​លោក​គឺ​​ក្របីព្រៃ ពេជ្រ សម្បត្តិ។

គួរបញ្ជាក់ថា អ្នក​លេងគុន​ខ្មែរ សុខ ធី ​​ហៅ កាកា បាន​មក​ប្រកប​អាជីព​ប្រដាល់​នៅ​ប្រទេស​កម្ពុជា និង​នាំ​ប្រពន្ធ​កូន​មក​ស្នាក់​នៅ​កម្ពុជា​ជា​មួយ​ផង ​តាម​រយៈ​ការជួយ​ជ្រោម​ជ្រែង​របស់​ឧកញ៉ា ស្រី ចាន់ថន ដែល​​មាន​ក្លិប​ប្រដាល់​ទំនើប​លំដាប់​អន្តរជាតិ និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង