ផ្លូវការ! ខ្សែប្រយុទ្ធ សៀង ចន្ធា ផ្ទេរចេញពីក្រុមបឹងកេតទៅកាន់ក្លិបមួយនៅលីគប្រទេសកាតា ក្នុងលក្ខខណ្ឌខ្ចីជើង

ខ្សែប្រយុទ្ធឆ្នើមវ័យក្មេងរបស់ក្លិបបឹងកេត គឺសៀង ចន្ធា ត្រូវបានប្រធានក្លិបនាគខៀវមួយបង្ហើបប្រាប់ថា មូលហេតុដែលកីឡាកររូបនេះពុំបានមកប្រកួត Pre-season នៅប្រទេសថៃ ក៏ព្រោះតែគេត្រូវត្រៀមធ្វើដំណើរចេញទៅលេងនៅលីគប្រទេសកាតា ក្រោមកិច្ចសន្យាខ្ចីពីបឹងកេត ។

អ្នកស្រី ពុធ ធីតា ប្រធានក្លិបបាល់ទាត់បឹងកេត បាននិយាយក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានមួយកាលពីម្សិលមិញថា កីឡាករ សៀង ចន្ធា ត្រូវបានក្លិបមួយនៅលីគទី២ របស់ប្រទេស កាតា ដាក់សំណើខ្ចីជើងពីបឹងកេត ទើបរូបគេមិនអាចចូលរួមជាមួយនឹងក្រុមក្នុងការប្រកួត Pre-season នៅឯប្រទេសថៃ នេះបាន មិនត្រឹមតែប៉ុណ្ណោះអ្នកស្រីបានមានប្រសាសន៍បន្ថែមទៀតថា វាជាឱកាសមួយល្អសម្រាប់កីឡាករកម្ពុជា របស់យើងដែលបានចេញទៅលេងក្រៅប្រទេស ហើយគាត់ទៅទីនោះគឺមិនមែនតែដើម្បីតែខ្លួនឯងប៉ុណ្ណោះទេ តែជាមុខមាត់របស់ប្រទេសកម្ពុជាទាំងមូលដែលមានកីឡាករខ្មែរ បានទៅលេងនៅប្រទេសមួយដែលអភិវឌ្ឍល្អក្នុងវិស័យបាល់ទាត់ហើយនេះជាគំរូល្អមួយសម្រាប់យុវជនជំនាន់ក្រោយ ។

គួរបញ្ជាក់ផងដែរថា សមាជិកក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើដំណើរទៅកាន់ប្រទេសកាតា នៅថ្ងៃទី២២ ខែកក្កដា ខាងមុខ នេះជាលើកទីមួយហើយដែលមានកីឡាកររបស់ប្រទេសកម្ពុជា បានទៅលេងនៅប្រទេសកាតា ៕

អត្ថបទដែលជាប់ទាក់ទង