លោកបែ មករា និយាយពី សៀង ចន្ធា ចេញទៅប្រកបអាជីពនៅលីគកាតា

អគ្គលេខាធិការក្រុមបឹងកេត សង្ឃឹមថាយុវជនទាំងឡាយដែលកំពុងហាត់បាល់ទាត់ទាំងអស់នឹងកាន់តែមានភាពក្លាហានក្នុងការស្រមៃឲ្យធំ ដាក់គោលដៅឲ្យខ្ពស់ ដែលជាកម្លាំងចិត្តនៅក្នុងការប្រឹងប្រែងរបស់ពួកគេ និងមានកីឡាករខ្មែរគំរូល្អកម្រិតខ្ពស់សម្រាប់ពួកគេខិតខំតាម ។

លោកបែ មករាបានបង្ហោះក្នុងគណនី FACEBOOK លោកថា ឥឡូវ​នេះ សៀង ចន្ធា ជាកីឡាករកម្ពុជាដំបូងបង្អស់ដែលបានទៅលេងនៅលីគក្នុងប្រទេសកាតា ខណៈនៅរង់ចាំការធ្វើ​តេស្តសុខភាពមួយដំណាក់កាលទៀត នៅពេលតេស្តសុខភាពជោគជ័យ​ ចន្ធា​ នឹងបានហាត់ជាមួយកីឡាករល្អៗ​ គ្រូបង្វឹកពូកែៗ​ លេងទល់នឹងក្រុមខ្លាំង​ៗ​ ហើយនេះជាជំហានមួយក្នុងការអភិវឌ្ឍខ្លួនបន្ថែមទៀតដែលអាចធ្វើឲ្យគេឡើង​កម្រិតទៅលេងនៅលីគកាន់តែខ្ពស់និងកាន់តែធំ ជា​ចុង​ក្រោយ​លោក​បាន​លើក​ឡើង​ថា ប្រសិនអ្វីៗជោគជ័យ​ ខ្ញុំសង្ឃឹម​ថា​យុវជន​ទាំងឡាយ​ដែល​កំពុង​ហាត់​បាល់​ទាត់​នឹង​កាន់តែ​មានភាព​ក្លាហាន​ក្នុងការស្រមៃឲ្យធំ​ សំដៅឲ្យខ្ពស់​ ដែល​ជា​កម្លាំង​ចិត្ត​នៅក្នុង​ការប្រឹងប្រែងរបស់ពួកគេ​ និង​មាន​កីឡាករខ្មែរគំរូល្អកម្រិតខ្ពស់សម្រាប់ពួកគេខិតខំតាម សូមជូនពរឲ្យ ចន្ធា​ ទទួល​បាន​ជោគ​ជ័យ​នៅ​ក្នុងបេសកកម្មថ្មីនិងធំមួយនេះ ។

គួរបញ្ជាក់ផងដែរថា កន្លង​មកក្លិប បឹងកេត បាន​អនុញ្ញាត​ឲ្យ​កីឡាករ ចាន់ វឌ្ឍនាកា បាន​ទៅ​លេង​នៅក្លិប Fujieda MYFC ដែលស្ថិត​នៅ​​លីគ​លំដាប់​ទី៣ របស់ប្រទេស​ជប៉ុន​ដែល​ពេល​នោះ​កីឡាករ​បាល់ទាត់​រូប​នេះ​កំពុងឡើង​ជើង​ខ្លាំង​ចន្លោះ​ឆ្នាំ​២០១៧៕

អត្ថបទដែលជាប់ទាក់ទង