WOW! កីឡាកររ៉ូម៉ានី Alex មិននឹកស្មានថា ធឿន ធារ៉ា ខ្លាំងលើសពីការគិតរបស់ខ្លួនសោះ (មានវីដេអូ)
កីឡាករប្រដាល់អន្តរជាតិ Alex Bublea មិនស្មានដល់ពីភាពខ្លាំងរបស់កីឡាករ ធឿន ធារ៉ា ដែលបានធ្វើឲ្យរូបគេចាញ់សន្លប់ក្នុងទឹកទី១ នៅព្រឹត្តិការណ៍ការប្រកួតគុនខ្មែរជើងឯកពិភពលោក តេជោសន្តិភាព កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។
ពិតណាស់ បន្ទាប់ពីចប់ការប្រកួតយ៉ាងឆាប់រហ័ស កីឡាកររ៉ូម៉ានី Alex ដែលកំពុងហ្វឹកហាត់នៅប្រទេសថៃរូបនេះបានលើកឡើងថា៖ “វ៉ូវ! ខ្ញុំចាញ់ រឹតតែអាក្រក់ទៀតនោះគឺខ្ញុំមិនយល់ពីរបៀបដែលខ្ញុំធ្វើខុសគ្រប់យ៉ាង ពិតជាសោកស្តាយដែលមើលស្រាល ខ្ញុំនឹងត្រឡប់មកវិញ បន្ទាប់ពីខំប្រឹងប្រែងបន្ថែមទៀត”។
ដោយសារបរាជ័យយ៉ាងលឿនបែបនេះ កីឡាករ Alex Bublea បានប្តេជ្ញាខិតខំប្រឹងប្រែងហ្វឹកហាត់ឲ្យខ្លាំងជាងមុន ដើម្បីវិលមកសងសឹកជាមួយអ្នកលេងពូថៅដៃ ធឿន ធារ៉ា ម្តងទៀត ដោយគាត់បាននិយាយថា ៖ “ធឿន ធារ៉ា ខ្លាំងជាងអ្វីដែលខ្ញុំបានគិតទៅទៀត គាត់ល្អមែន ហើយខ្ញុំត្រូវតែហ្វឹកហាត់ឲ្យខ្លាំងជាមុនសិន អីចឹងខ្ញុំនឹងទៅវ៉ៃជាមួយគាត់ម្តងទៀត”។
គួរបញ្ជាក់ផងដែរថា កីឡាកររ៉ូម៉ានី Alex Bublea បានចាញ់អ្នកលេងពូថៅដៃ ធឿន ធារ៉ា សន្លប់ក្នុងទឹកទី១ ក្រោយ ធារ៉ា វាយកណ្តាប់ដៃលើក្បាលពោះបណ្តាលឲ្យ Alex ដួលត្រូវបានអាជ្ញាកណ្តាលរាប់ ៨លើកទី១ ក្រោយមកកីឡាកររ៉ូម៉ានីរូបនេះ ត្រូវបាន ធឿន ធារ៉ា វាយត្រូវក្បាលពោះទៀតបណ្តាលឲ្យអាជ្ញាកណ្តាលរាប់ ៨ជាលើកទី២ និងលើកទី៣ ធឿន ធារ៉ា វាយកណ្តាប់ដៃឆ្វេងលើក្បាលបណ្តាលឲ្យដួល ហើយត្រូវបានអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតតែម្តង កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ក្នុងព្រឹត្តិការណ៍ការប្រកួតគុនខ្មែរជើងឯកពិភពលោក តេជោសន្តិភាព៕