អត្ដពលិកកម្ពុជាកីឡាយុទ្ធគុនចម្រុះ ៤ រូប នឹងចូលរួមប្រកួតក្នុងទ្រុង នាព្រឹត្តិការណ៍ជើងឯកអាស៊ី នៅថៃ

សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា នឹងបញ្ជូនកីឡាករ-កីឡាការិនី ៤រូប ចូលរួមប្រកួតព្រឹត្តិការណ៍ជើងឯកអាស៊ី លើកទី១ នៅប្រទេសថៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១-២០ ខែសីហា ឆ្នាំ២០២៣ ដោយលោក ហ៊ុន ច័ន្ទរាជ្យ អនុប្រធាន និងជាគ្រូបង្វឹក មិនរំពឹកចំពោះលទ្ធផលខ្ពស់ពេកទេ ដ្បិតជាការប្រកួតក្នុងទ្រុង ប៉ុន្ដែជឿជាក់ថា អត្ដពលិកទាំងអស់ នឹងធ្វើបានល្អ បើទោះជាសហព័ន្ធ ទើបតែបង្កើតឡើងក៏ដោយ។

លោក ហ៊ុន ច័ន្ទរាជ្យ បាននិយាយថា៖ “គាត់មិនរំពឹកលើលទ្ធផលខ្ពស់ប៉ុន្មានទេ ព្រោះសហព័ន្ធទើបតែបង្កើត ហើយនេះក៏ជាការចូលរួមលើកដំបូងរបស់អត្ដពលិកកម្ពុជា លើឆាកអន្ដរជាតិដែរ ប៉ុន្ដែគាត់ជឿថា កីឡាករ-កីឡាការិនី នឹងធ្វើបានល្អ ព្រោះពួកគេមានស្មារតីប្រកួតជាខ្លាំង”។

គ្រូបង្វឹករូបនេះ បានបន្តទៀតថា៖ “ខ្ញុំសង្ឃឹមថា អ្វីដែលសំខាន់បំផុតនោះគឺថា អត្តពលិក និងប្រទេសជាតិរបស់យើង ចូលរួមក្នុងព្រឹត្តិការណ៍ AMMA ដែលទើបបង្កើតថ្មី ដើម្បីតំណាងឲ្យជាតិរបស់យើងឲ្យអស់ពីសមត្ថភាព លទ្ធផលមិនសំខាន់នៅពេលនេះទេ ដោយសារយើងជាសហព័ន្ធថ្មី ហើយនៅតែស្ថិតក្រោមការអភិវឌ្ឍន៍ដោយគ្មានថវិកា ឬជំនួយ ដូច្នេះយើងសង្ឃឹមថានឹងធ្វើបានល្អ និងទទួលបានការទទួលស្គាល់ និងការគាំទ្រពេញទំហឹងពីក្រសួង និងប្រទេសរបស់យើង”។

ពិតណាស់ ប្រតិភូកីឡាយុទ្ធគុនចម្រុះកម្ពុជា ៩រូប នឹងចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ី លើកទី១ នៅប្រទេសថៃ ដោយក្នុងនោះមានដូចជា៖ លោក សេង ប៊ុនសុង ប្រធានប្រតិភូ លោក ហ៊ុន ច័ន្ទរាជ្យ គ្រូបង្វឹក លោក ជឹម ធារ៉ា គ្រូជំនួយ លោក ជា វ៉ាន់សាន្ត សិក្ខាកាម លោក ស៊ុន ចាន់បូរ៉ី សិក្ខាកាម កីឡាករ មាស ម៉ើ កីឡាករ សូ សុវណ្ណរតនា កីឡាករ ធាន អាត និងកីឡាការិនី ផល រតនា។

គួរបញ្ជាក់ផងដែរថា កីឡាករ-កីឡាការិនី ៤រូប ដែលចូលរួមប្រកួតព្រឹត្តិការណ៍ជើងឯកអាស៊ី លើកទី១ នៅប្រទេសថៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១-២០ ខែសីហា ឆ្នាំ២០២៣ មានដូចជា៖ កីឡាករ មាស ម៉ើ ត្រូវប្រកួតលើទម្ងន់ ៧១គីឡូក្រាម កីឡាករ សូ សុវណ្ណរតនា ត្រូវប្រកួតលើទម្ងន់ ៦០គីឡូក្រាម កីឡាករ ធាន អាត ត្រូវប្រកួតលើទម្ងន់ ៦០គីឡូក្រាម និងកីឡាការិនី ផល រតនា ត្រូវប្រកួតលើទម្ងន់ ៥៤គីឡូក្រាម៕

អត្ថបទដែលជាប់ទាក់ទង