ក្រោយផ្លាស់ទៅក្លិបប្រដាល់គុនខ្មែរ «មេសថ្ងក» មឿន សុខហ៊ុច នឹងប្តេជ្ញាស្តាកេរ្តិ៍ឈ្មោះឡើងវិញ

កីឡាករប្រដាល់គុនខ្មែរចាស់វស្សា មឿន សុខហ៊ុច ជឿជាក់លើសមត្ថភាពរបស់ខ្លួនថានឹងស្តាកេត្តិយសកេរ្តិ៍ឈ្មោះឡើងវិញ ក្រោយផ្លាស់ប្តូរពីក្លិបប្រដាល់កងនាយកដ្ឋានអង្គរក្ស ទៅកាន់ក្លិបប្រដាល់ មេសថ្ងក ខេត្តស្វាយរៀង សុខហ៊ុច ជឿជាក់ បែបនេះដោយសារគាត់ទទួលការបង្វឹកពីលោកគ្រូ បឺត ខាំ។

កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ មឿន សុខហ៊ុច និយាយថា៖ “ខ្ញុំនឹងខិតខំប្រឹងប្រែងហ្វឹកហាត់បន្តទៀត ដើម្បីយកកេរ្តិ៍ឈ្មោះ និងកេត្តិយសមកឲ្យដូចមុនវិញ ទាំងសុខភាព និងកម្លាំងរបស់ខ្លួនគឺនៅមាំមួន និងធន់ល្អ អាចប្រកួតបាន ៤ទៅ៥ ឆ្នាំទៀត ការផ្លាស់ប្តូរមកកាន់ក្លិបប្រដាល់ថ្មី (មេសថ្ងក ខេត្តស្វាយរៀង) អ្នកលេងរន្ទះជើងពិឃាដ មឿន សុខហ៊ុច មើលឃើញថា ការដឹកនាំរបស់ថ្នាក់ដឹកនាំ និងគ្រូបង្វឹកល្អ ជាហេតុនាំឲ្យខ្លួនសម្រេចចិត្តទៅកាន់ទ្រនំថ្មី។

ពិតណាស់ សុខហ៊ុច មកចូលរួមហ្វឹកហាត់នៅក្លិបថ្មីទើបតែបានមួយសប្តាហ៍ គាត់មើលឃើញពីភាពខុសប្លែកគ្នាអំពីបច្ចេកទេសបង្ហាត់របស់គ្រូបង្វឹកតាមក្លិបនីមួយៗដែលខ្លួនធ្លាប់ហ្វឹកហាត់ ដោយកីឡាករវ័យ ៣២ឆ្នាំរូបនេះ បញ្ជាក់ថា៖ ការបង្ហាត់របស់លោកគ្រូ បឺត ខាំ មានភាពវៃឆ្លាត ក្នុងការប្រើបញ្ញា ជាងកម្លាំងបាយ ហ្វឹកហាត់ជាមួយលោកគ្រូ បឺត ខាំង សុខហ៊ុច ជឿថា ខ្លួនអាចនឹងផ្លាស់ប្តូរច្រើន។

យ៉ាងណាមិញ កីឡាករដែលមានដើមកំណើតចេញពីខេត្តកំពង់ចាម មឿន សុខហ៊ុច បានបន្ថែមទៀតថា៖ ការផ្លាស់ប្តូរមកកាន់ក្លិបថ្មីនេះខ្ញុំមើលឃើញពីការដឹកនាំរបស់គាត់ជួយឲ្យក្មេងៗជំនាន់ក្រោយទទួលបានជោគជ័យ និងបានល្អច្រើន ដោយឆ្លងកាត់ព្យុះភ្លៀងជាច្រើន ខ្ញុំប្តេជ្ញាថានឹងសម្រេចឲ្យបានជោគជ័យដូចកីឡាកររៀមច្បង (ព្រំ សំណាង) នៅក្នុងក្លិបប្រដាល់ មេសថ្ងក ដែរ។
គួរបញ្ជាក់ផងដែរថា កីឡាករ មឿន សុខហ៊ុច បានចូលប្រឡូកក្នុងអាជីពអ្នកប្រដាល់ ១៩ឆ្នាំហើយ គិតចាប់តាំងពីឆ្នាំ២០០៤ មក ក្លិបប្រដាល់ដំបូងដែល សុខហ៊ុច ចូលហ្វឹកហាត់មានឈ្មោះថា ខេមប៊ុក (Cambox) បង្ហាត់ដោយលោក សួន សំណាង ក្លិបបន្ទាប់ពុទ្ធសិរីវង្ស បង្ហាត់ដោយលោកគ្រូ ណន រិទ្ធ និងក្លិបកងនាយកដ្ឋានអង្គរក្ស បង្ហាត់ដោយលោក ស៊ន អេលីត៕
អត្ថបទដែលជាប់ទាក់ទង