អស្ចារ្យណាស់! សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្ដរជាតិ នឹងរៀប​ចំកម្មវិធីប្រកួតប្រដាល់ Kun Khmer World Championship ២០២៣ នាចុងឆ្នាំនេះ

ដើម្បីអមអរសាទរពិធីបុណ្យសមុទ្រ ដែលធ្វើឡើងនៅចុងឆ្នាំ២០២៣ នេះ​ សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្ដរជាតិ បានគ្រោងរៀប​ចំកម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរវើលឆាមពាន ឆ្នាំ២០២៣ ( KUN KHMER WORLD CHAMPIOSHIP) ដែលនឹងប្រព្រឹត្តនៅខេត្តកែប។

លោកបណ្ឌិត មៀម រ៉ា ប្រធានសហព័ន្ធកីឡា​ប្រដា​ល់​​​គុនខ្មែ​រអន្ដរជាតិ បានឲ្យដឹងថា៖ នេះជាកម្មវិធីប្រដាល់ប្រ​ចាំឆ្នាំ​រ​បស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្ដរជាតិ ដែលធ្វើព្រមគ្នាក្នុ​ងពេល​តែមួ​យក​ម្មវិធីបុណ្យ​សមុ​ទ្រ  នៅខេ​ត្តកែបនាចុងឆ្នាំនេះ ប៉ុន្តែមិនទាន់​កំណត់​ថ្ងៃ​ណាពិតប្រាកដនៅឡើយទេ។ ​

លោកបាននិយាយទៀតថា៖ យើង​មិនទាន់កំណត់ថ្ងៃប្រកួតថ្ងៃណាទេ ដោយយើងរង់ចាំក្រសួងទេសចរណ៍ គាត់ឲ្យថ្ងៃពិតប្រាកដមកសិន ហើយយើងធ្វើប្រហែលពី ៣ទៅ៥ ថ្ងៃប៉ុណ្ណោះ ព្រោះតែក្រសួងវប្បធម៌ឲ្យយោបល់មក ត្រូវធ្វើកម្មវិធីនេះឲ្យធំ​ជា​ងប្រ​ទេសជិតខាងយើង ប៉ុន្តែយើងចាំមើលលទ្ធភាពសិន ថាយើងគួរធ្វើ ៣ ឬ៥ថ្ងៃ​ ហើយការរៀបចំព្រឹត្តិការណ៍អន្ដរជាតិនេះ នឹងបង្ហាញអំពីក្បាច់គុនបុរាណខ្មែរទៅកាន់ពិភពលោក​ឲ្យបានស្គាល់ពីក្បាច់គុនរបស់ខ្មែរ ខណៈបច្ចុប្បន្នមានប្រទេសចំនួន ៥០ ជាសមាជិកនៃសហព័ន្ធកីឡា​ប្រដា​ល់​​​គុនខ្មែ​រអន្ដរជាតិ។

ពិតណាស់ នៅក្នុងព្រឹត្តិការណ៍នោះ ពួកយើងពុំទាន់ដឹងថា មានការប្រកួតដណ្តើមខ្សែក្រវាត់កម្រិតអន្តរជាតិ ឬអត់ទេ? ហើយលោកបណ្ឌិត មៀម រ៉ា ក៏បានអះអាងថា៖ “ឥឡូវនេះ យើងកំពុងពិភាក្សាគ្នា តែយ៉ាងណាខ្ញុំរំពឹងថា កម្មវិធីនេះ នឹងមានការដណ្តើមខ្សែក្រវាត់ ហើយកីឡាករបរទេសដែលយកមកប្រកួតនៅក្នុងកម្មវិធីនេះ មិនទាន់ដឹងថា យើងយកមកពីប្រទេសណាខ្លះនោះទេ ព្រោះយើងមានសមាជិកសហព័ន្ធដល់ទៅជាង ៥០ ប្រទេសទៅហើយ បើយើងយកមួយប្រទេសមក ២ ឬ៣ វាច្រើន អ៊ីចឹងខ្លាចយើងរៀបចំអត់ទាន់​ តែយ៉ាងណាខ្ញុំនឹងព្យាយាមឲ្យអស់ពីលទ្ធភាព”។

គួរបញ្ជាក់ថា កម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរ វើលឆាមពាន ឆ្នាំ២០២៣ (Kun Khmer World Championship 2023) ដែលរៀបចំដោយសហព័ន្ធកីឡា​ប្រដា​ល់​​​គុនខ្មែ​រអន្ដរជាតិ មានការគាំទ្រដោយ ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ វិចិត្រ និងសិល្បៈ ក្រសួងអប់រំ យុវជន និងកីឡា និងគណៈក​ម្មការ​ជាតិអូ​ឡាំពិ​ក​ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង