ម្ចាស់ខ្សែក្រវាត់៤ ស្ថាប័ន ផល សោភ័ណ្ឌ បញ្ជាក់ពីការចេញទៅប្រកួតនៅទឹកដីអូស្ត្រាលី (មានវិដេអូ)
ដំរីភ្លុកពិឃាត ផល សោភ័ណ្ឌ បានបញ្ជាក់ច្បាស់ៗអំពីសមាសសភាពកីឡាករប្រដាល់គុនខ្មែរ ៤រូប ដែលនឹងហោះទៅទឹកដីប្រទេសអូស្ត្រាលី ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រដាល់គុនខ្មែរមួយនៅទីនោះ ប្រសិនបើគ្មានការប្រែប្រួលណាមួយទេនោះ។
ម្ចាស់ខ្សែក្រវាត់៤ ស្ថាប័ន ផល សោភ័ណ្ឌ បានបង្ហោះសារនៅលើគណនីផ្លូវការរបស់ខ្លួននៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែកក្កដា នេះថា៖ “ឆាប់ៗនេះពួកយើងទាំង ៤នាក់នៅទឹកដីអូស្ត្រាលី! បញ្ជាក់៖ បើមិនមានការប្រែប្រួល.!”។
យ៉ាងណាមិញ គេនៅមិនទាន់ដឹងថា កីឡាករគុនខ្មែរទាំង ៤រូបដែលត្រូវទៅប្រកួតនៅទឹកដីអូស្ត្រាលីនោះ ក្នុងព្រឹត្តិការណ៍អ្វីមួយឡើយ ជាកម្មវិធីប្រកួតប្រដាល់គុនខ្មែរ រៀបចំដោយសហព័ន្ធគុនខ្មែរអន្តរជាតិ ក្នុងនាមប្រទេសអូស្ត្រាលីជាសមាជិក ឬក៏ទៅចូលរួមកម្មវិធីប្រដាល់មួយថៃ តបតាមការអញ្ជើញ ឬក៏យ៉ាងណានោះឡើយ ព្រោះប្រភពកៀកជិតនឹងកីឡាករទាំង ៤រូបខាងលើ ព្យាយាមលាក់ជិតឈឹងតែម្ដង ដោយគ្រាន់តែបង្ហើបថា នាពេលឆាប់ៗនេះ ក្រុមអត្តពលិកគុនខ្មែររបស់ប្រទេសកម្ពុជា ចំនួន ៤រូប នឹងចេញទៅបង្ហាញក្បាច់គុនដូនតាខ្លួននៅលើទឹកដីប្រទេសអូស្ត្រាលីតែប៉ុណ្ណោះ។
ពិតណាស់ កីឡាករគុនខ្មែរទាំង ៤រូបដែលនឹងត្រូវចេញទៅប្រកួតនៅទឹកដីអូស្ត្រាលីនោះរួមមាន៖ ១.ដំរីភ្លុកពិឃាត ផល សោភ័ណ្ឌ ២. ក្របីព្រៃពេជ្រ សម្បត្តិ ៣.អ្នកលេងកណ្តាប់ដៃថ្មរន្ទះជើងពិឃាដ ម៉ឺន សុភា និង៤.មហាកម្លាំង ពេជ្រ ប៊ុនសិទ្ធ ខណៈកីឡាករទាំង ៤ត្រូវបានប្រភពកៀកជិតបង្ហើបថា នឹងជួបប្រកួតជាមួយកីឡាករអូស្ត្រាលី និងបរទេសផ្សេងៗក្រៅពីកីឡាករថៃ នៅលើសង្វៀននាទឹកដីប្រទេសអូស្ត្រាលីនោះ។
គួរបញ្ជាក់ផងដែរថា ពេលនេះមិនទាន់មានការបញ្ជាក់ច្បាស់ពីដៃគូប្រកួតរបស់កីឡាករទាំង ៤ ពីសំណាក់ប្រម៉ូទ័រដែលនាំកីឡាករកម្ពុជាទៅប្រកួតនៅឡើយទេ ដូច្នេះ យើងរង់ចាំមើលថា កីឡាករបរទេសរួបណា នឹងជួបជាមួយជើងខ្លាំងកម្ពុជាទាំង ៤រូបនេះ៕