អេមណាស់! អស់ពីមានរង្វាន់ផ្ទះល្វែង ឥឡូវនេះប្រដាល់គុនខ្មែរមានរង្វាន់រថយន្តទៀត (មានវិដេអូ)

មើលទៅការប្រកួតប្រដាល់គុនខ្មែររយៈពេលពីរបីឆ្នាំចុងក្រោយនេះ កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ស្របពេលម្ចាស់ឧបត្ថម្ភកម្មវិធីហ៊ានចំណាយខ្ពស់ទាំងការផ្តល់តម្លៃខ្លួនដល់កីឡាករ និងប្រាក់រង្វាន់លើកទឹកចិត្ត ដោយកីឡាករប្រដាល់ល្បីៗជួរមុខរបស់កម្ពុជា សព្វថ្ងៃនេះទទួលបានប្រាក់តម្លៃខ្លួនក្នុងមួយប្រកួត ខ្ពស់ចាប់ពី ៥០០ដុល្លារអាមេរិកឡើងទៅ ហើយរាល់ការប្រកួតដណ្តើមខ្សែក្រវាត់ក៏កាន់តែមានប្រាក់រង្វាន់ច្រើន កន្លងមកសង្វៀនទូរទស្សន៍ PNN បានរៀបចំការប្រកួតដែលផ្តល់ប្រាក់រង្វាន់រហូតដល់ ៤០លានរៀលដល់ម្ចាស់ខ្សែក្រវាត់មាស។

ពិតណាស់ កាលពីខែធ្នូ ឆ្នាំ២០២២ សង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ ៥ បានរៀបចំការប្រកួតដណ្តើមខ្សែក្រវាត់នៅខេត្តសៀមរាប ដោយមានរង្វាន់ជាផ្ទះល្វែង ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យមិនធ្លាប់មាននោះ ឈុត សេរីវ៉ាត់ថង បានក្លាយជាម្ចាស់ផ្ទះល្វែង និងខ្សែក្រវាត់ បន្ទាប់ពីបានយកឈ្នះទៅលើកីឡាករ ឃីម បូរ៉ា ដែលបានចំណាត់ថ្នាក់លេខ ២ ទទួលបានដីឡូត៍មួយប្លង់ (១០x២០ម៉ែត្រ) ហើយកាលពីខែមីនា ឆ្នាំ២០២៣ ប៉ឹត សង្ឃឹម បានឈ្នះខ្សែក្រវាត់គុនខ្មែរអន្តរជាតិ IPCC Kun Khmer នៅសង្វៀនទូរទស្សន៍ថោន ដោយទទួលបានប្រាក់រង្វាន់ ៤៨លានរៀល បន្ទាប់មកនៅខែមិថុនា កន្លងទៅ លោកស្រី ទ្រី ដាណា បានរៀបចំការប្រកួតដណ្តើមខ្សែក្រវាត់ ដោយកីឡាករ ឈុត សេរីវ៉ាន់ថង បានឈ្នះខ្សែក្រវាត់មរតកគុនខ្មែរ និងទទួលបានប្រាក់រង្វាន់ ៤០លានរៀល ព្រមទាំងមានខ្សែកមាស ២តម្លឹងថែមទៀតផង។

គួរបញ្ជាក់ផងដែរថា នាពេលថ្មីៗនេះលេចឮមកថា គ្រោងមានព្រឹត្តិការណ៍ប្រកួត Kun Khmer All Star វគ្គ៨ នៅរាជធានីភ្នំពេញ ដែលមានម្ចាស់ឧបត្ថម្ភគ្រោងដាក់រថយន្តមួយគ្រឿងជារង្វាន់ទៀត ហើយអ្នកគាំទ្រធ្លាប់តែឃើញព័ត៌មានព្រឹត្តិការណ៍ប្រកួតប្រដាល់នៅប្រទេសថៃ ដែលមានរង្វាន់រថយន្តកន្លងមក ប៉ុន្តែពេលនេះគ្រោងមានរង្វាន់រថយន្តសម្រាប់ការប្រកួតប្រដាល់គុនខ្មែរ ដែលនេះជាការលើកទឹកចិត្តដ៏សំខាន់បំផុតដល់អ្នកប្រដាល់គុនខ្មែរ៕

អត្ថបទដែលជាប់ទាក់ទង