កូនប្រុសរបស់ ព្រំ សំណាង សម្លឹងឃើញឱកាសឈ្នះខ្សែក្រវាត់ពីសង្វៀនថ្នាលគុនខ្មែរហើយ
កូនប្រុសរបស់ជាងកាត់សក់ដៃឯក ព្រំ សំណាង កីឡាករ ឃន មហិទ្ធិរឹទ្ធ បានសម្លឹងឃើញឱកាសឈ្នះខ្សែក្រវាត់ពីសង្វៀនថ្នាលគុនខ្មែរ ក្រោយពីរូបគេឆ្លងផុតវគ្គ ១៦នាក់មក គេបានអះអាងថា៖ ខ្លួនគ្មានការព្រួយបារម្ភចំពោះបេក្ខភាពទាំង ៧រូបផ្សេងទៀតដែលឆ្លងផុតពីការជម្រុះជុំដំបូងនោះឡើយ។
អ្នកលេងថ្នាលគុនខ្មែរ ឃន មហិទ្ធិរិទ្ធ បាននិយាយថា៖ “ការប្រកួតដណ្តើមខ្សែក្រវាត់នៅសង្វៀនថ្នាលគុនខ្មែរ គឺជាឱកាសសម្រាប់ខ្ញុំ ដែលអាចកសាងកេរ្តិ៍ឈ្មោះតាមលោកឪពុកបាន ហើយក្នុងចំណោមកីឡាករទាំង ៧រូប ដែលត្រូវប្រកួតដណ្តើមខ្សែក្រវាត់នេះ គ្មានបញ្ហាសម្រាប់រូបខ្ញុំនោះទេ ព្រោះអ្នកដែលខ្ញុំព្រួយបារម្ភ ឃឺម ឌឺម៉ី បានធ្លាក់តាំងពីវគ្គដំបូង ចឹងកីឡាករទាំង ៧នាក់ផ្សេងទៀតគ្មានបញ្ហាទេ។
កូនសិស្សរបស់លោក បឺត ខាំ រូបនេះ បានបន្តទៀតថា៖ “លោកគ្រូបានពង្រឹងបច្ចេសទេស ស្នៀតប្រយុទ្ធ កម្លាំងស៊ុហ្វរួចរាល់ហើយ មិនត្រឹមតែគ្រូនៅក្លិបទេ ទៅដល់ផ្ទះ ប៉ាបានបង្ហាត់បន្ថែមទៀត អ៊ីចឹងខ្ញុំមិនមានអ្វីព្រួយបារម្ភនោះទេ ឡើងដឹងតែវៃហើយ ខ្ញុំសង្ឃឹម ៧០ភាគរយ អាចគ្រងខ្សែក្រវាត់នេះបាន”។
យ៉ាងណាមិញ ជាងកាត់សក់កន្ត្រៃមាស ព្រំ សំណាង ដែលត្រូវជាឪពុករបស់ មហិទ្ធិរិទ្ធ ធ្លាប់បានលើកឡើងថា រូបលោកមិនទាន់ប្រកាសថា ឈប់ប្រកួតនោះទេ ព្រោះនៅពង្រឹងស្នៀតប្រយុទ្ធដល់កូន ឲ្យកូនរឹងសិនចាំសម្រាកពីសង្វៀន។
គួរបញ្ជាក់ឲ្យដឹងផងដែរថា ការប្រកួតវគ្គជម្រុះ កីឡាករ ឃន មហិទ្ធិឫទ្ធិ ដែលជាកូនប្រុសរបស់ជើងខ្លាំង ព្រំ សំណាង បានបង្ហាញការប្រកួតយ៉ាងល្អ ហើយរូបគេ បានប្រើក្បាច់ជង្គង់ និងវាយកែងផ្តួលអ្នកប្រដាល់ រ៉ៃយ៉ុង នួនមុន្នីរាជ ឲ្យសន្លប់បោះបង់ការប្រកួតនៅទឹកទី៣ ធ្វើឲ្យរូបគេមានឱកាសឡើងទៅវគ្គបន្តទៀតបាន៕
ចុចទីនេះ ដើម្បីទស្សនាវីដេអូ៖ https://fb.watch/mdneUWPaY8/